ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ផលិតកម្មប្រេងរបស់ប្រទេសរុស្ស៊ី បានកើនឡើង ៣,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២២ ។
វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន លោក Shulginov បានឲ្យដឹងថា ផលិតកម្មប្រេងរបស់ប្រទេស ក្នុងឆមាសទីមួយ នៃឆ្នាំ២០២២ បានកើនឡើង ៣,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលផលិតកម្មឧស្ម័នធម្មជាតិ បានធ្លាក់ចុះ ៥ភាគរយ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ខណៈពេលដែលការផលិតធ្យូងថ្ម នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២២ នៅតែស្ថិតក្នុងកម្រិតដូចគ្នា ជាមួយនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ការផលិតប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត បានកើនឡើងចំនួន ៤,៥ ភាគរយ។
និយាយអំពីដំណើរការនៃវិស័យថាមពល នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ លោក Shulginov បានលើកឡើងថា រុស្ស៊ីអាចសម្របខ្លួនទៅនឹង លក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក ដោយបន្ថែមថាទីផ្សារថាមពល ក្នុងស្រុកមានស្ថេរភាព ហើយមិនមានការលំបាក ក្នុងការផ្គត់ផ្គង់ថាមពលនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា