ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ផ្លោងកំាភ្លើងធំវាយប្រហារ មកលើក្រុង Kharkiv ដែលជាទីក្រុងធំទី២ របស់អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកទីក្រុង Kharkiv ដ៏ធំទី២របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រកាសថា ខ្លួនកំពុងពង្រីកគោលដៅ សង្គ្រាមរបស់ខ្លួន ទោះបីជាឧស្ម័នរុស្ស៊ី ហូរទៅកាន់អឺរ៉ុប បានបន្តឡើងវិញតាមរយៈបំពង់បង្ហូរ Nord Stream ក៏ដោយ។

ការវាយប្រហារលើទីក្រុងភាគខាងកើត ដែលមានស្លាកស្នាមដោយការ បាញ់ផ្លោងជាច្រើនសប្តាហ៍របស់រុស្ស៊ីបានកើតឡើង បន្ទាប់ពីរយៈពេល១០ថ្ងៃ នៃការងារដែលបានគ្រោងទុក នៅលើបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបានជំរុញឱ្យមានការភ័យខ្លាច ចំពោះការកាត់ផ្តាច់ជាអចិន្ត្រៃយ៍ ។

រដ្ឋអាជ្ញាបានលើកឡើងថា មនុស្ស៣នាក់ត្រូវបានសម្លាប់ និង២៣នាក់ទៀត បានរងរបួសនៅក្នុងទីក្រុង Kharkiv ជាកន្លែងដែលជីវិតធម្មតាមួយចំនួន បានវិលត្រឡប់មកវិញ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានរុញច្រានទាហានរុស្ស៊ី ចេញពីដែនកំណត់ទីក្រុង ។

“ខ្មាំងកំពុងបាញ់យ៉ាងចលាចល និងព្រៃផ្សៃនៅទីក្រុង ។ ស្នាក់នៅក្នុងជម្រក!” អភិបាល Oleg Synegubov បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូច្នេះ ។

នៅទីក្រុង Kramatorsk ក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ដែលឃើញមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា សាលារៀនមួយកន្លែង ដែលមន្ត្រីអ៊ុយក្រែនបានលើកឡើងថា កំពុងត្រូវបានប្រើប្រាស់ ជាកន្លែងផ្ទុកជំនួយស្បៀងអាហារ ក៏ត្រូវបានវាយប្រហារផងដែរ ៕​​​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top