ព័ត៌មានអន្តរជាតិ

News Update៖ កងសន្តិសុខស្រីលង្កា វាយឆ្មក់ជំរុំតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលនៅកូឡុំបូ

ស្រីលង្កា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខ នៅក្នុងប្រទេសស្រីលង្កា បានវាយឆ្មក់ជំរុំតវ៉ាប្រឆាំងរដ្ឋាភិបាល ដ៏សំខាន់នៅក្នុងរដ្ឋធានីកូឡុំបូ ហើយបានចាប់ផ្តើមរុះរើតង់ ។

កងទ័ព និងប៉ូលិសរាប់រយនាក់ បានធ្វើចលនាលើបាតុករ នៅខាងក្រៅការិយាល័យប្រធានាធិបតី នៅប៉ុន្មានម៉ោងមុនពេលពួកគេ ត្រូវចាកចេញពីតំបន់នោះ ។

អ្នកកាសែតវីដេអូ របស់ទូរទស្សន៍ BBC ម្នាក់ត្រូវបានវាយដោយកងទ័ព ហើយទាហានម្នាក់ បានឆក់ទូរស័ព្ទរបស់គាត់ ហើយលុបវីដេអូចោលទៀតផង ។

ករណីនេះកើតឡើងបន្ទាប់ពីលោក Ranil Wickremesinghe បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មី ។

អតីតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស កាលពីសប្តាហ៍មុន ។

លោក Wickremesinghe ដែលជាអតីតនាយករដ្ឋមន្ត្រី ត្រូវបានគេមើលឃើញថា មិនមានប្រជាប្រិយភាពខ្លាំង ពីសាធារណជន ហើយបានប្តេជ្ញាចាត់វិធានការ តឹងរ៉ឹងប្រឆាំងនឹងបាតុករ ។ ប៉ុន្តែអ្នកតវ៉ាខ្លះបាននិយាយថា ពួកគេនឹងផ្តល់ឱកាសដល់គាត់ ។

គេបានដឹងថា ប្រទេសស្រីលង្កាបានឃើញ ភាពចលាចលជាច្រើនខែ ជុំវិញវិបត្តិសេដ្ឋកិច្ច ។

មនុស្សជាច្រើនបាន ស្តីបន្ទោសរដ្ឋបាលលោក Rajapaksa ចំពោះការចាត់ចែងហិរញ្ញវត្ថុ របស់ប្រទេសជាតិខុស ហើយមើលឃើញលោក Wickremesinghe ជាផ្នែកនៃបញ្ហានេះផងដែរ ។ ប៉ុន្តែមានបាតុកម្មតិចតួច នៅតាមដងផ្លូវមួយថ្ងៃបន្ទាប់ពី គាត់ឈ្នះការបោះឆ្នោតសភា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top