វ៉ាស៊ីនតោន ៖ CBS បានរាយការណ៍ឲ្យដឹងថា រួមជាមួយនឹងចំនួនអ្នកស្លាប់ ដែលមិនអាចគណនា បានលើជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ អំពើហិង្សាដោយកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក ក៏បានកំណត់ ការចំណាយ ដ៏ធ្ងន់មួយផ្សេងទៀតផងដែរ ដោយមានច្រើនជាង ១ពាន់លានដុល្លារ អាមេរិកក្នុងមួយឆ្នាំ នៅក្នុងការចំណាយថ្លៃ មន្ទីរពេទ្យ។
តួលេខនោះគិតតែពីថ្លៃដើមសុខភាព ដំបូងសម្រាប់ ការថែទាំនៅមន្ទីរពេទ្យ សម្រាប់អ្នក ដែលត្រូវបានបាញ់ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយ ដោយគណៈកម្មាធិការ សេដ្ឋកិច្ចរួម របស់សភាអាមេរិក មុនពេលសវនាការកាលពីថ្ងៃពុធ ស្តីពីផលប៉ះពាល់សេដ្ឋកិច្ច នៃអំពើហិង្សាដោយកាំភ្លើង។
លោក Chethan Sathya គ្រូពេទ្យវះកាត់របួសកុមារ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cohen Children’s Medical Center ក្នុងទីក្រុងញូវយ៉ក បានឲ្យដឹងនៅក្នុងសវនាការថា “ការចំណាយភាគច្រើនកើត ដោយផ្ទាល់ដោយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ” ។
សម្រាប់ជនរងគ្រោះដោយសារ ការរងរបួសដោយអាវុធធ្ងន់ធ្ងរ ថ្លៃព្យាបាលសរុបមានចំនួន ២៩០ លានដុល្លារក្នុងឆ្នាំ២០២០ និងចំណាយជាមធ្យម ៩០០០ដុល្លារសម្រាប់អ្នកជំងឺម្នាក់ នេះបើយោងតាមក្រុមនេះដោយដកស្រង់ តួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។
ជារៀងរាល់ឆ្នាំ ការរងរបួសទាក់ទង នឹងអាវុធបានធ្វើឱ្យអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដំបូងចំនួន ៣០០០០នាក់ ដែលនីមួយៗមានការចំណាយ លើការព្យាបាលជាមធ្យមចំនួន ៣១០០០ ដុល្លារ និងការចូលមើលបន្ទប់សង្គ្រោះបន្ទាន់ដំបូង ចំនួន ៥០០០០ដុល្លារ ដែលមានតម្លៃជាមធ្យម ១៥០០ដុល្លារក្នុងមួយថ្ងៃ ៕ប្រែសម្រួល ឈូក បូរ៉ា