ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រាប់ឱ្យទីភ្នាក់ងារជ្វីហ្វ ចាកចេញ ទាក់ទងនឹងការរំលោភច្បាប់របស់រុស្ស៊ី

បរទេស៖ ការិយាល័យនាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល នឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងមូស្គូ “ដើម្បីធានាការបន្ត” នៃសកម្មភាពរបស់ទីភ្នាក់ងារជ្វីហ្វ នៅក្នុងប្រទេសរុស្ស៊ី

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការស្រុក Basmanny នៃទីក្រុងមូស្គូ បាននិយាយមុននេះថា ខ្លួនបានទទួលសំណើពីក្រសួងយុត្តិធម៌ ដើម្បីរំលាយសាខា របស់ទីភ្នាក់ងារនេះ នៅក្នុងប្រទេសរុស្ស៊ី។ ការបិទដ៏មានសក្តានុពលនៃអង្គការនេះ ដែលលើកកម្ពស់ការធ្វើមាតុភូមិនិវត្តន៍ របស់ជនជាតិយូដា ទៅកាន់ប្រទេសអ៊ីស្រាអែល បានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ធ្វើការ “វាយតម្លៃស្ថានភាព” ជាមួយមន្ត្រីការទូត និងសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ។

ការិយាល័យបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះត្រូវបានគេសម្រេចចិត្តបញ្ជូន គណៈប្រតិភូរួមមួយមកពីការិយាល័យនាយករដ្ឋមន្រ្តី ក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងក្រសួងអាលីយ៉ា និងសមាហរណកម្ម ដើម្បីធានាការបន្តសកម្មភាពរបស់ទីភ្នាក់ងារជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ី” ។

សូមជម្រាបថា តុលាការក្រុងមូស្គូបាននិយាយថា សវនាការបណ្តោះអាសន្ន ត្រូវបានកំណត់សម្រាប់ថ្ងៃទី ២៨ ខែកក្កដា។ តុលាការមិនបានបង្ហាញព័ត៌មានលម្អិតនៃអំណះអំណាង របស់ក្រសួងយុត្តិធម៌ទេ ដោយគ្រាន់តែនិយាយថា សំណើសុំបញ្ចប់ប្រតិបត្តិការរបស់ទីភ្នាក់ងារជ្វីហ្វ គឺទាក់ទងនឹងការរំលោភច្បាប់របស់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top