បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន ត្រូវបានគេរំពឹងថានឹងរារាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពីការចូលរួមក្នុងពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ប្រសិនបើលោក ពូទីន ចង់ធ្វើចូលរួម។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ត្រូវបានគេធ្វើឃាត កាលពីដើមខែនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២ បានឱ្យដឹងថាកាសែត Sankei Shimbun បានដកស្រង់សម្តី មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់ ដែលនិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងជូនដំណឹងដល់ភាគីរុស្ស៊ីជាផ្លូវការ អំពីពិធីបុណ្យសព ប៉ុន្តែ «យើងមិនរំពឹងថា នឹងឱ្យពួកគេមកចូលរួមនោះទេ»។ ពិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែកញ្ញា។
វិមានក្រឹមឡាំង បាននិយាយកាលពីមុនថា លោក ពូទីន មិនមានគម្រោងទៅចូលរួម ពិធីបុណ្យសពនោះទេ ខណៈដែលវត្តមានរបស់មន្ត្រីផ្សេងទៀតនឹង “អាស្រ័យលើពិធីសារ”។
សូមបញ្ជាក់ថា ជប៉ុនបានដាក់ក្នុងបញ្ជីខ្មៅ លោកពូទីន និងមន្ត្រីរុស្ស៊ីមួយចំនួនទៀត រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov នៅដើមខែមីនា ក្នុងការឆ្លើយតបនឹងប្រតិបត្តិការយោធារបស់ក្រុងម៉ូស្គូ នៅអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា