ព័ត៌មានអន្តរជាតិ

Update៖ មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិក ជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន នៅក្រុងគៀវ ដោយសន្យាថានឹងព្យាយាមបន្តគាំទ្រ ប្រឆាំងនឹងរុស្ស៊ី

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ គណៈប្រតិភូជាន់ខ្ពស់សភាអាមេរិក បានជួបជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក្នុងទីក្រុង គៀវ ហើយបានសន្យាថា នឹងព្យាយាមធានានូវការគាំទ្រ បន្តក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។

គណៈប្រតិភូ ដែលរួមបញ្ចូលតំណាង Adam Smith ដែលជាប្រធានគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធរបស់សភា គឺជាក្រុមចុងក្រោយបំផុតនៃភ្ញៀវអាមេរិក ដែលមានកេរ្តិ៍ឈ្មោះល្បីទៅកាន់អ៊ុយក្រែន ។

គណៈប្រតិភូបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូជុំវិញពិភពលោក បានឈរជាមួយអ៊ុយក្រែន ដោយផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច យោធា និងមនុស្សធម៌”  ។

ពួកគេបានឲ្យដឹងទៀតថា “យើងនឹងបន្តស្វែងរកមធ្យោបាយដើម្បីគាំទ្រប្រធានាធិបតី Zelenskyy និងប្រជាជនអ៊ុយក្រែនឱ្យមានប្រសិទ្ធភាព តាមដែលអាចធ្វើទៅបាន នៅគ្រាដែលពួកគេបន្តជំហរ ដ៏ក្លាហានរបស់ពួកគេ” ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងកាលពីថ្ងៃពុធថា ក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ ចំនួន៤បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដែលនាំឱ្យចំនួនសរុប ដែលបានផ្តល់មកទល់ពេលនេះដល់ កើនឡើងដល់១៦ ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់គណៈប្រតិភូកាលពីថ្ងៃសៅរ៍មិនបានបញ្ជាក់ជាក់លាក់ អំពីការផ្ទេរអាវុធនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top