ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការពារជាតិតួកគី លើកឡើងថា រុស្ស៊ី មិនគួរបដិសេធ ទៅលើរឿងវាយប្រហារ ក្រុងកំពង់ផែនៅសមុទ្រខ្មៅនោះទេ

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា លោក Hulusi Akar រដ្ឋមន្ត្រីការពារជាតិតួកគី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា មន្ត្រីរុស្ស៊ីបានប្រាប់ដល់ក្រុងអង់ការ៉ាថា រុស្ស៊ីមិនមានអ្វីដែលត្រូវធ្វើជាមួយនឹងការវាយប្រហារលើកំពង់ផែសមុទ្រខ្មៅ Odessa ដ៏សំខាន់របស់ប្រទេសអ៊ុយក្រែននោះទេ ។

លោក Akar បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋរបស់តួកគីថា “នៅក្នុងការទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ី ជនជាតិរុស្ស៊ី បានប្រាប់យើងថា ពួកគេមិនមានអ្វីដែលត្រូវធ្វើជាមួយ ការវាយប្រហារទាំងនេះទេ ហើយថាពួកគេកំពុងពិនិត្យមើលបញ្ហានេះយ៉ាងជិតស្និទ្ធ និងលម្អិត” ។

គាត់បានលើកឡើងថា “ការពិតដែលថាឧបទ្ទវហេតុបែបនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀង ដែលយើងបានធ្វើកាលពីម្សិលមិញទាក់ទងនឹងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ធ្វើឱ្យយើងព្រួយបារម្ភ” ។

លោក Akar បានលើកឡើងថា លោកក៏បានសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីអ៊ុយក្រែន និងបានទទួលព័ត៌មានទាក់ទងនឹងឧបទ្ទវហេតុនេះ ។

យោធាអ៊ុយក្រែនបានឲ្យដឹងថា មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុង Odesa កាលពីថ្ងៃសៅរ៍ ។ 

មីស៊ីល១គ្រាប់បានបុកស៊ីឡូមួយក្នុងទីក្រុង Odesa ហើយមួយទៀតបានធ្លាក់ក្នុងតំបន់ជិតស៊ីឡូ  ។

ការវាយប្រហារ មិនបានធ្វើឱ្យខូចសមត្ថភាពកំពង់ផែ ក្នុងការផ្ទុកទំនិញនោះទេ ហើយការនាំចេញគ្រាប់ធញ្ញជាតិអាចបន្តទៅមុខទៀត នេះបើយោងតាមការលើកឡើងរបស់លោក Akar ។

លោករដ្ឋមន្ត្រីបានលើកឡើងថា តួកគីបានផ្ញើសារទៅកាន់ប្រទេសទាំង២ ដែលក្នុងនោះក៏បានលើកឡើងថា ខ្លួនចង់ឃើញភាគីទាំង២បន្តកិច្ចសហប្រតិបត្តិការរបស់ពួកគេ “ដោយស្ងប់ស្ងាត់ និងអត់ធ្មត់” ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រនោះ ។

លោកបានសង្កត់ធ្ងន់ថា តួកគីនឹងបន្តបំពេញការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top