SARAJEVO៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា ការិយាល័យរដ្ឋអាជ្ញានៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (BiH) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្ស២នាក់បានស្លាប់ នៅគ្រាដែលយន្តហោះធុនតូច១គ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋានកីឡាក្នុងទីក្រុង Nisici ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានី Sarajevo ។
យោងតាមការិយាល័យបានឱ្យដឹងថា ជនរងគ្រោះជាពលរដ្ឋសហភាពអឺរ៉ុប ។
ក្រសួងកិច្ចការផ្ទៃក្នុងនៃទីក្រុង Canton Sarajevo បានបញ្ជាក់ថា បានទទួលការជូនដំណឹង អំពីការធ្លាក់នៅម៉ោង៣រសៀល និងបានបញ្ជូនមន្ត្រីប៉ូលិស និងជំនួយសង្គ្រោះបន្ទាន់ ទៅកាន់ទីតាំងនោះ ។
ការិយាល័យរដ្ឋអាជ្ញាកំពុងដឹកនាំការស៊ើបអង្កេតបន្ត ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះនេះ ។
យោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកបើកយន្តហោះកីឡាក្នុងស្រុក យន្តហោះដែលធ្លាក់នោះបានដឹកពលរដ្ឋអូទ្រីស២នាក់ ប៉ុន្តែមានលេខចុះបញ្ជីជនជាតិបារាំង ។
សូមបញ្ជាក់ថា បូស្នៀ និងហឺហ្សេហ្គោវីណា ជាតំបន់ដែលគ្របដណ្តប់ប្រហែល៨១ភាគរយ នៃប្រទេស ហើយតំបន់ផ្សេងទៀត ភាគខាងត្បូង គឺ ហឺហ្សេហ្គោវីណា ។ តំបន់ទាំង២បានបង្កើតជាអង្គភាពភូមិសាស្ត្រនយោបាយ តាំងពីសម័យមជ្ឈិមសម័យ ហើយឈ្មោះ “បូស្នៀ” កើតឡើងជាទូទៅក្នុងន័យប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយ ដែលជាទូទៅសំដៅទៅលើតំបន់ទាំង២ (បូស្នៀ និងហឺហ្សេហ្គោវីណា)។ ការប្រើប្រាស់ជាផ្លូវការ នៃឈ្មោះរួមបញ្ចូលគ្នាបានចាប់ផ្តើម តែនៅក្នុងសម័យចុង នៃការគ្រប់គ្រងអូតូម៉ង់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា