បរទេស៖ រុស្ស៊ីនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធា អំឡុងពេលការវាយប្រហារកាលពីថ្ងៃសៅរ៍លើទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យថា “មីស៊ីលប្រភេទ Kalibr បានបំផ្លាញផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងកំពង់ផែ Odessa” ។
លោកស្រីបានបន្ថែមថា ការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់នេះ បានបញ្ជូននាវាយោធាអ៊ុយក្រែនទៅកាន់បាតសមុទ្រខ្មៅ។
លោកស្រី Zakharova បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ដែលបានពណ៌នាការវាយប្រហារថាជា “ភាពព្រៃផ្សៃ” និងបានអះអាងថា “កាំជ្រួច Kalibr របស់រុស្ស៊ីបានបំផ្លាញលទ្ធភាពនៃសេចក្តីថ្លែងការណ៍” ស្តីពីតម្រូវការសម្រាប់ការសន្ទនា និងកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងម៉ូស្គូ។
ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការទេ ចំពោះការផ្ទុះដែលបានកក្រើកទីក្រុង Odessa ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅភាគនិរតីនៃប្រទេសអ៊ុយក្រែន។ ជុំវិញជម្លោះជាមួយក្រុងគៀវ គឺទីក្រុងមូស្គូបានទទូចថា ខ្លួនមិនកំណត់គោលដៅជនស៊ីវិលឡើយ មានតែកងកម្លាំងប្រដាប់អាវុធ និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា