បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមីញនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergey Lavrov បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនបានធ្វើការស្នើសុំណាមួយ ដើម្បីឲ្យមានការដកទណ្ឌកម្ម ពីសំណាក់លោកខាងលិច ដែលកំពុងប្រឆាំងទៅនឹងប្រទេសរុស្សីឡើយ ប៉ុន្តែលោកបានអំពាវនាវ ឲ្យលោកខាងលិច គួរតែធ្វើការដោះស្រាយបញ្ហានិងវិបត្តិ ដែលពួកគេបានសាងឡើង និងកំពុងធ្វើឲ្យមានបញ្ហាកើនឡើង នៃតម្លៃម្ហូបអាហារ នៅក្នុងទីផ្សារសកលលោក។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះថា៖ ពួកយើងមិនបានស្នើសុំឲ្យមាន ការដកចេញនូវទណ្ឌកម្មឡើយ ហើយបញ្ហាទាំងនោះ គួរតែត្រូវបានដោះស្រាយ និងកាត់ផ្តាច់ចេញពីគ្នា ឲ្យច្បាស់លាស់។ពួកយើងពេលនេះផ្តោតសំខាន់ ទៅលើតែការងារអភិវឌ្ឍសេដ្ឋកិច្ច របស់យើងជាមួយនឹងដៃគូ ដែលគួរឲ្យទុកចិត្តជាជាង ជាមួយនឹងក្រុមដែលគ្មានសមត្ថភាពនោះឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Lavrov បានបន្តទៀតថា៖ដោយឡែក ចំពោះបញ្ហាចំណីអាហារវិញ លោកខាងលិចគួរតែព្យាយាម ធ្វើការដោះស្រាយឧបសគ្គទាំងអស់នោះ ដោយខ្លួនឯង ពីព្រោះថាវាគឺជាអ្វីដែលពួកគេ បានបង្កើតឡើង។
លោករដ្ឋមន្ត្រីក៏បានធ្វើការលើកឡើង អំពីបញ្ហានៃការយល់ព្រមក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការរាំងខ្ទប់គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះ ក៏ដោយសារតែការសន្យារបស់លោកខាងលិច ចំពោះការបញ្ចប់ការរាំងខ្ទប់ គ្រាប់ធញ្ញជាតិរបស់រុស្សីដែរ មិនមែនជាការទទួលស្គាល់ ចំពោះមុខបញ្ហាវិបត្តិស្បៀងអាហារនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី