ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បញ្ជាក់ថាបុគ្គលិកពេទ្យ​១៨នាក់ ត្រូវបានសម្លាប់ និងសម្ភារៈរាប់រយរងការខូចខាត ចាប់តាំងពីការលុកលុយ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកពេទ្យ១៨នាក់ ត្រូវបានសម្លាប់ និងបរិក្ខារពេទ្យជិត៩០០ ត្រូវបានខូចខាត ឬបំផ្លាញដោយការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានឈានចូលដល់ខែទី៦ គិតត្រឹមថ្ងៃអាទិត្យ ។

នៅក្នុងការបង្ហោះលើបណ្តាញ Facebook ក្រសួងសុខាភិបាល បានឲ្យដឹងថា បុគ្គលិកពេទ្យជាង៥០នាក់ បានរងរបួសដោយសារ ការវាយប្រហាររបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ នៅគ្រាដែលទីក្រុងម៉ូស្គូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមអឺរ៉ុបដ៏ធំបំផុត ចាប់តាំងពីឆ្នាំ១៩៤៥ ។

ការបង្ហោះក៏បានឲ្យដឹងផងដែរថា បរិក្ខារពេទ្យចំនួន១២៣នៅអ៊ុយក្រែន ត្រូវបានបំផ្លាញទាំងស្រុង ដោយការលុកលុយ ខណៈ ៧៤៦ផ្សេងទៀត ត្រូវការការជួសជុលឡើងវិញ ។

ប្រទេសរុស្ស៊ី បានបដិសេធចេតនា កំណត់គោលដៅលើជនស៊ីវិល ឬបុគ្គលិកពេទ្យ ហើយបានអះអាងថា ខ្លួនកំពុងធ្វើ “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកជាតិនិយម ។

ទីក្រុង គៀវ អះអាងថា វិមានក្រឹមឡាំងកំពុងប្រើ “អំពើភេរវកម្ម” ដើម្បីសម្លុតជនជាតិអ៊ុយក្រែន ទៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដ៏អាម៉ាស់មួយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top