ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ និយាយថា ទណ្ឌកម្មរបស់អាមេរិក ប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោក

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើទីក្រុងតេអេរ៉ង់ គឺធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសអឺរ៉ុប។

លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនា តាមទូរស័ព្ទរយៈពេល ១២០នាទី ជាមួយសមភាគីបារាំងរបស់លោក គឺលោក Emmanuel Macron នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់ ។

ដោយមើលលើ “វិធានការមិនស្ថាបនា” ដែលអនុវត្តដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន លោក Raisi បានពណ៌នាការអនុម័តនាពេលថ្មីៗនេះ នៃដំណោះស្រាយដោយក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថាជាវិធានការបង្កវិបត្តិក្នុងគោលបំណង ដាក់សម្ពាធលើប្រជាជនអ៊ីរ៉ង់ ដែលបានប៉ះពាល់ដល់ការ ទុកចិត្តខាងនយោបាយ។

កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តដំណោះស្រាយដែល ស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បន្ទាប់ពីរបាយការណ៍របស់ទីភ្នាក់ងារ ដែលថាទីក្រុងតេអេរ៉ង់មិនបានផ្តល់ “ការពន្យល់ដែលអាចជឿជាក់បាន” សម្រាប់ភាគល្អិតអ៊ុយរ៉ាញ៉ូម នៅកន្លែងដែលមិនបានបញ្ជាក់ចំនួន៣ ទីតាំង។

សម្រាប់ផ្នែករបស់លោកវិញ លោក Macron បានលើកឡើងថា ការរស់ឡើងវិញនូវផែនការ សកម្មភាពទូលំទូលាយរួមគឺ “នៅតែអាចធ្វើទៅបាន” ប៉ុន្តែត្រូវតែកើតឡើង “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top