ព័ត៌មានអន្តរជាតិ

ការផ្តាច់ទំនាក់ទំនងខាង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”គឺមិនអាចរារាំង នូវការអភិវឌ្ឍរបស់ចិន នោះទេ

ពេលថ្មីៗកន្លងទៅនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តលើការបោះឆ្នោតតាមរបៀបវារៈអំពី “សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីប” ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់សភាទាំងពីរ ធ្វើការបោះឆ្នោតសម្រេចចិត្ត ចំពោះសេចក្តីព្រាងច្បាប់នេះ ។

តាមការបែកធ្លាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ប្រាក់ទុនលើសពី៥ម៉ឺនលានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍនៃមុខរបរ វត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិក ក៏ដូចជាលើកទឹកចិត្តឱ្យសហគ្រាស កសាងរោងចក្រនៅសហរដ្ឋអាមេរិក ។ ជាពិសេស ប្រព័ន្ធសារព័ត៌មានអាមេរិក បានកត់សម្គាល់ឃើញជាពិសេសថា សេចក្តីព្រាងច្បាប់នេះនឹងបង្កើតអ្វីដែលហៅថា “របាំងការពារ”សម្រាប់មុខរបរវត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិក ដើម្បីដាក់កំហិតក្រុមហ៊ុន ដែលទទួលបានប្រាក់ឧបត្ថម្ភកធន ទៅវិនិយោគនៅប្រទេសចិន ។

អាចឃើញថា សេចក្តីព្រាងច្បាប់នេះ គឺមានបំណងសំដៅ ចំពោះប្រទេសចិនយ៉ាងច្បាស់ក្រឡែត ។ តាមការពិត លោកស្រី Karine Jean-Pierre លេខាធិការព័ត៌មាននៃសេតវិមាន បានថ្លែងដោយមិនបិទបាំងថា វិធានការលើកទឹកចិត្តនេះ គឺដើម្បី “បង្កើតការវិនិយោគកាន់តែច្រើនឡើងៗ ទៅលើរបរវត្ថុពាក់កណ្ដាលចម្លង នៅសហរដ្ឋអាមេរិក តែមិនមែននៅប្រទេសចិននោះទេ ”ហើយថ្លែងថា “របាំងការពារ”នឹងមានអំណោយផល ដល់ការបង្អង់ល្បឿនកើនឡើង នៃការវិនិយោគនៅចិន ហើយនេះគឺជាមូលហេតុដែលវាមានសារសំខាន់ ក្នុងសេចក្តីព្រាងច្បាប់ដែរ ។ និយាយត្រង់ៗអំពីការគាបសង្កត់ ប្រទេសចិនបែបហ្នឹង វាអាចបង្ហាញថា គំនិតអនុត្តរភាពរបស់សហរដ្ឋអាមេរិក មានភាពស៊ីជម្រៅខ្លាំងណាស់ ។

តាមទិន្នន័យបង្ហាញឱ្យដឹងថា កាលពីឆ្នាំ១៩៩០ សហរដ្ឋអាមេរិក បានផលិតបន្ទះឈីប ជិត៤០ភាគរយ លើទូទាំងពិភពលោក តែបច្ចុប្បន្ននេះសមាមាត្រនេះ បានធ្លាក់ចុះ មកនៅត្រឹមតែ១២ភាគរយ ។ កង្វះខាតបន្ទះឈីបអស់រយៈពេល ពីរឆ្នាំបណ្តាលឱ្យរោងចក្រផលិតរថយន្តជាច្រើនរបស់សហរដ្ឋអាមេរិក បញ្ឈប់ផលិតកម្ម ហើយក៏បណ្តាលឱ្យតម្លៃផលិតផល អេឡិចត្រូនិកមួយចំនួន ឡើងថ្លៃយ៉ាងខ្លាំងផងដែរ ។ វិធីសាស្ត្រត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានេះ គឺគោរពក្រឹត្យក្រមទីផ្សារ តែមិនមែនធ្វើការគំរាមកំហែងយ៉ាងកម្រោលដូចអ្នកនយោបាយអាមេរិកនោះទេ ដែលបង្ខំឱ្យសហគ្រាស វត្ថុពាក់កណ្ដាលចម្លងជ្រើសរើស ការឈរនៅម្ខាងចិនឬសហរដ្ឋអាមេរិក ។

តាមស្ថិតិនៃមជ្ឈដ្ឋានរបរវត្ថុ ពាក់កណ្ដាលចម្លងឱ្យដឹងថា ផលិតកម្មនៃបន្ទះឈីប ជឿនលឿនមួយចំនួន បូករួមទាំងដំណាក់កាលផលិតជាង១ពាន់ ដែលត្រូវបានសម្រេចបន្ទាប់ពី ធ្វើកិច្ចសហប្រតិបត្តិការឆ្លងដែន លើសពី៧០លើក ។ អ្នកនយោបាយអាមេរិកជំរុញ “ការផ្តាច់ទំនាក់ទំនង”ដោយចេតនា គឺល្មើសនឹងក្រឹត្យក្រមទីផ្សារយ៉ាងច្បាស់ ក៏ដូចជាបំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្មសកលផងដែរ ។

ការជ្រៀតជ្រែក ខាងនយោបាយមិនអាចកែប្រែ បាននូវក្រឹត្យក្រមទីផ្សារនោះទេ ហើយ“ការផ្តាច់ទំនាក់ទំនងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា” ក៏មិនអាចរារាំងបាននូវការអភិវឌ្ឍរបស់ចិនផងដែរ ។ តាមទិន្នន័យនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា ក្នុងត្រីមាសចំនួនបួនចុងក្រោយនេះ ក្នុងចំណោមក្រុមហ៊ុនរបរបន្ទះឈីប ចំនួន២០ដែលកើនឡើងលឿនបំផុត លើពិភពលោកមានក្រុមហ៊ុន១៩មកពីប្រទេសចិន ។ ការផ្សាយដំណឹងឱ្យដឹងថា ល្បឿនកើនឡើងនៃចំណូល នៃក្រុមហ៊ុនបន្ទះឈីបរបស់ចិន ទាំងនេះត្រូវជាច្រើនដងនៃសហគ្រាស វត្ថុពាក់កណ្ដាលចម្លងដ៏ល្បីឈ្មោះ លើទូទាំងពិភពលោក ដូចជាក្រុមហ៊ុន ASML ជាដើម ។

ក្នុងបរិបទនៃការ ធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ ប្រសិនបើភាគីអាមេរិកបង្ខំឱ្យផ្ទេរឧស្សាហកម្ម ឬផ្តាច់ទំនាក់ទំនង នោះ មុខជានឹងបណ្តាលឱ្យការបែងចែក ខ្សែសង្វាក់ឧស្សាហកម្មលើទូទាំងពិភពលោក មានភាពច្របូកច្របល់ បង្កើនភាពតានតឹងនៃការផ្គត់ផ្គង់បន្ទះឈីប និងបន្ថែមបញ្ហាប្រឈម របស់សហរដ្ឋអាមេរិកជាក់ជាមិនខាន ។ ដូច្នេះ អ្នកនយោបាយអាមេរិកកុំប៉ុនប៉ងប្រើកលល្បិច គួរតែធ្វើកិច្ចការដែលមាន អំណោយផលដល់ការគាំពារ ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យបានកាន់តែច្រើន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top