ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក ថ្កោលទោសទៅលើការសម្រេចកាត់ទោសប្រហារជីវិត លើសកម្មជន ៤រូបមកពីបក្សប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា សកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ត្រូវបានយោធាមីយ៉ាន់ម៉ាប្រហារជីវិត នៅក្នុងអ្វីដែលគេជឿថា ជាការប្រើប្រាស់ទណ្ឌកម្មដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។

អ្នកទាំង៤នោះ រួមទាំងសកម្មជន Ko Jimmy និងសមាជិកសភា Phyo Zeya Thaw ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម ។

ពួកគេត្រូវបានកាត់ទោសប្រហារជីវិត ក្នុងសវនាការដោយបិទទ្វារដែលក្រុមសិទ្ធិមនុស្សរិះគន់ថា ជារឿងអយុត្តិធម៌ ។

ប្រភពមួយបានប្រាប់ដល់ទូរទស្សន៍ BBCប្រចាំនៅមីយ៉ាន់ម៉ាថា មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi មានការសោកស្ដាយជាខ្លាំង បន្ទាប់ពីបានដឹងព័ត៌មាននេះ ។

ប្រភពបានឲ្យដឹងថា លោកស្រី ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ហៅកាត់ (NLD)មិនបានធ្វើអត្ថាធិប្បាយណាមួយឡើយ ។

លោកស្រីត្រូវបានចាប់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋប្រហារដឹកនាំដោយកងទ័ព ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសការប្រហារជីវិត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា ជាភូមាផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top