ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងប្រទេសធំៗ ៨ផ្សេងទៀត ថ្កោលទោសការប្រហារជីវិត សកម្មជន គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា

សេអ៊ូល៖ អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន៧ផ្សេងទៀត រួមទាំងកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ដោយថ្កោលទោស ការប្រហារជីវិត មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។

របាយការណ៍មុននេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់ រួមទាំងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ពីរនាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានប្រហារជីវិត ដោយរបបយោធា របស់ប្រទេស ដែលបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារ កាលពីដើមឆ្នាំមុន។

សេចក្តីថ្លែងការណ៍រួម ដែលចេញដោយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken និងសមភាគីរបស់លោក បានលើកឡើងថា “ការប្រហារជីវិតរបស់របបយោធាមីយ៉ាន់ម៉ា ចំពោះលទ្ធិប្រជាធិបតេយ្យ និងមេដឹកនាំបក្សប្រឆាំង គឺជាអំពើហឹង្សាដែលមិនអាចកាត់ថ្លៃបាន ដែលបង្ហាញជាគំរូបន្ថែមទៀត ដល់ការមិនយកចិត្តទុកដាក់ របស់របបនេះ ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ”។ ប្រទេស ៧ផ្សេងទៀតរួមមាន អូស្ត្រាលី អង់គ្លេស កាណាដា ជប៉ុន នូវែលសេឡង់ ន័រវេស និងកូរ៉េខាងត្បូង។

លោកបានបញ្ជាក់ថា “យើងជំរុញឱ្យរបបនេះដោះលែងអ្នក ដែលត្រូវបានឃុំឃាំង ដោយអយុត្តិធម៌ទាំងអស់ ផ្តល់សិទ្ធិចូលពន្ធនាគារពេញលេញ និងឯករាជ្យ និងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមការឯកភាព ៥ចំណុចរបស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីស្វែងរកសន្តិភាព តាមរយៈការសន្ទនា មិនមែនជាអំពើហិង្សាបន្តទៀត”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top