ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន ប្រកាសថានឹងទទួលថវិកា ប្រមាណ ១,៦ពាន់លានអឺរ៉ូ ពីធនាគារវិនិយោគសហភាពអឺរ៉ុប

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Denys Shmyhal នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសអ៊ុយក្រែន នឹងទទួលបានថវិកា ប្រមាណ១,៦ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ១,៦២ពាន់លានដុល្លារអាមេរិក ពីធនាគារវិនិយោគសហភាពអឺរ៉ុប រឺហៅកាត់ថា EIB ។

លោក បានប្រាប់ដល់គណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំថា “កាលពីថ្ងៃម្សិលមិញ ធនាគារវិនិយោគសហភាពអឺរ៉ុប បានយល់ព្រមនឹងចេញសាច់ប្រាក់ ១,៦ពាន់លានអឺរូ ដល់អ៊ុយក្រែន ជាមួយនឹងទឹកប្រាក់១ពាន់លានអឺរ៉ូ នៃទឹកប្រាក់សរុបទាំងអស់ នឹងក្លាយជាការធ្វើវិភាជន៍ដ៏ទៀងទាត់” ។ ក្រុមសេវាកម្មព័ត៌មានរបស់រដ្ឋាភិបាល បានឲ្យដឹងដូច្នេះ ។

លោក Shmyhal បានថ្លែងថា មូលនិធិទាំងអស់នេះនឹងផ្តល់ដោយផ្ទាល់ សម្រាប់សកម្មភាពទាំងឡាយណា សម្រាប់រៀបចំអ៊ុយក្រែន នៅរដូវក្តៅ ក្នុងនោះបូករួមទាំង ការស្តារឡើងវិញនូវការខូចខាតអគ្គីសនី ទឹក និងសម្របសម្រួលដល់ការផ្គត់ផ្គង់ កម្តៅផងដែរ ។

យោងតាមទីភ្នាក់ងារព័ត៌មាន របស់អ៊ុយក្រែន Interfax បានឲ្យដឹងថា អ៊ុយក្រែនក៏នឹងប្រើប្រាស់ផ្នែកខ្លះ នៃមូលនិធិពីធនគារ EIB ដើម្បីគម្រោងហិរញ្ញវត្ថុជាច្រើន នៅក្នុងការបំពេញកង្វះខាតថាមពល ផ្លូវថ្នល់ ការដឹកជញ្ជូន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top