បរទេស៖ យោងតាមតួលេខ ដែលត្រូវបានស្រាវជ្រាវ និងស្ទាបស្ទង់ដោយទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះ បានរកឃើញថាក្រុមសមាជិក មកពីបក្សប្រជាធិបតេយ្យ និងក្រុមអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ប្រមាណជា៧៥ភាគរយ ដែលត្រូវបានសាកសួរបង្ហាញថា ពួកគេមិនចង់ឲ្យលោកប្រធានាធិបតី Joe Biden ចូលរួមការប្រកួតប្រជែង តំណែងនេះម្តងទៀតឡើយ នាឆ្នាំ២០២៤។
មូលហេតុមួយចំនួនបូករួមទាំងវិធីសាស្ត្រ ក្នុងការគ្រប់គ្រងទៅលើសេដ្ឋកិច្ច របស់អាមេរិកផងនោះ នៅពេលនេះលោក Biden អត្រាទំនុកចិត្តរបស់គាត់លើវិស័យនេះ បានធ្លាក់ចុះដល់ក្រោម៣០ភាគរយ។
ការស្ទាបស្ទង់ដែលត្រូវបានបង្ហាញជាសាធារណៈ តាំងតែពីថ្ងៃអង្គារក៏បានរកឃើញដែរថា មានសមាជិកមកពីបក្សប្រជាធិបតេយ្យ ត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ទំនងជាគាំទ្រដល់បេក្ខភាព លោក Biden នៅអាណត្តិក្រោយម្តងទៀត។
ចំនួននៃអ្នកគាំទ្រនេះមានការធ្លាក់ចុះខ្លាំង ធៀបទៅនឹងចំនួននៃអ្នកគាំទ្រ ដែលធ្លាប់បានធ្វើកាលពីខែកុម្ភៈ មានប្រមាណជា៤៥ភាគរយ ហើយ២៤ភាគរយ ចង់ឲ្យគាត់ចាកចេញពីការប្រកួតប្រជែង ពីព្រោះគិតថាគាត់នឹងមិនឈ្នះ ការប្រកួតឡើយខណៈដែល៣២ភាគរយទៀត គឺមិនចង់ឲ្យគាត់ត្រឡប់មកកាន់ តំណែងម្តងទៀតឡើយ៕ ប្រែសម្រួល៖ស៊ុនលី