បរទេស ៖ ប្រធានផ្នែកកិច្ចការងារ សន្តិសុខជាតិ និងក្រុមប្រឹក្សាសន្តិសុខជាតិ អ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញ បានបង្ហើបថា រដ្ឋាភិបាលទីក្រុងគៀវ នឹងមិនមានភាពខ្លាចរអារឡើយ ក្នុងការវាយប្រហារ ទៅលើ ដែនដី របស់ប្រទេសរុស្សី ក្នុងករណី ដែលចាំបាច់ណាមួយនោះ។
លោក Aleksey Danilov ប្រធានកិច្ចការងារនេះ បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាកំពុងតាមដាន យ៉ាងជិតស្និទ្ធ ចំពោះសកម្មភាពវាយប្រហារ របស់រុស្សីដោយមីស៊ីល និងការវាយប្រហារ តាមអាកាសប្រឆាំង នឹងអ៊ុយក្រែន ហើយក៏បានកំណត់ បានទីតាំងដែលរុស្សី បានបើកការបាញ់ប្រហារ មកលើខ្លួននោះហើយផងដែរ ។
លោកពន្យល់ថា អ៊ុយក្រែនមានសិទ្ធគ្រប់គ្រាន់ និងនយោបាយគ្រប់គ្រាន់ ក្នុងការចេញបញ្ជាឲ្យមានការវាយប្រហារ ទៅលើតាំងទាំងនោះ របស់រុស្សីប្រសិន បើករណីចាំបាច់ នឹងមានការកើនឡើង ខ្ពស់ជាងនេះ។
គួរឲ្យដឹងដែរថា នៅមុននេះបន្តិចមន្ត្រីរដ្ឋាភិបាល អ៊ុយក្រែនមួយចំនួន បាននិយាយថា យោធារបស់អ៊ុយក្រែន នឹងអាចវាយប្រហារ ទៅលើគោលដៅសំខាន់ ដែលស្ថិតនៅក្នុងតំបន់ Crimea និងស្ពាននៅក្នុងតំបន់ Crimea ដែលជាកន្លែងផ្គត់ផ្គង់ ដ៏សំខាន់សម្រាប់កងកម្លាំងយោធា ក្នុងការវាយលុកមកលើ ប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី