ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun កាលពីថ្ងៃពុធ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ គោរពអធិបតេយ្យភាព នៃប្រទេសក្រោយជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Zhang បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំសង្ខេប ស្តីពីគណៈកម្មការ កសាងសន្តិភាពថា «សហគមន៍អន្តរជាតិ គួរតែគោរពអធិបតេយ្យភាព និងភាពជាម្ចាស់ នៃប្រទេស ក្រោយជម្លោះ ហើយផ្តល់ជំនួយស្ថាបនា ស្របតាមឆន្ទៈ និងសំណើរបស់ពួកគេ» ។
លោកបានលើកឡើងថា “យើងគួរតែប្រកាន់ខ្ជាប់នូវភាព ជាម្ចាស់នៃប្រទេសដែលពាក់ព័ន្ធ។ គន្លឹះសម្រាប់ប្រទេសក្រោយ ជម្លោះដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺស្ថិតនៅក្នុងការខិតខំ ប្រឹងប្រែងរបស់ពួកគេផ្ទាល់”។
លោកបន្ថែម “លក្ខខណ្ឌជាតិមានភាពខុសប្លែកគ្នា យ៉ាងខ្លាំងក្នុងចំណោម ប្រទេសក្រោយជម្លោះ ហើយថែមទាំងវិវឌ្ឍក្នុងប្រទេស តែមួយនៅពេលវាឆ្លងកាត់ ដំណាក់កាលផ្សេងៗគ្នា។ សហគមន៍អន្តរជាតិគួរតែ គាំទ្រប្រទេសដែលពាក់ព័ន្ធ ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ដែលសមនឹងលក្ខខណ្ឌជាតិរបស់ពួកគេ និងចូលរួមក្នុងការកសាង សន្តិភាពក្នុងលក្ខណៈគោលដៅ។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអភិវឌ្ឍន៍នៅក្នុង ប្រទេសក្រោយជម្លោះ ដោយកត់សម្គាល់ថា សម្រាប់ប្រទេសភាគច្រើន ដាច់ខាតដែលមានជម្លោះ ឬក្រោយជម្លោះ បញ្ហាប្រឈមធំបំផុតរបស់ ពួកគេគឺការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ៕
ប្រែសម្រួល ឈូក បូរ៉ា