ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់កិច្ចព្រមព្រៀងរុស្ស៊ី ឱ្យដោះលែងអ្នកជាប់ឃុំ Brittney Griner និង Paul Whelan

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានស្នើប្រទេសរុស្ស៊ីនូវ “សំណើដ៏ច្រើន” មួយ ដើម្បីទទួលបានការដោះលែង អ្នកជាប់ឃុំជនជាតិ អាមេរិក Brittney Griner និង Paul Whelan ។

លោក Blinken បានឲ្យដឹងថា លោកនឹងនិយាយដោយផ្ទាល់ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សា អំពីកិច្ចព្រមព្រៀង ដែលបានស្នើឡើង នៅក្នុងអ្វី ដែលជាការសន្ទនាលើកដំបូង របស់ពួកគេ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន កាលពី ៥ខែមុន ។

លោក Blinken បានលើកឡើងថា “យើងបានដាក់សំណើយ៉ាងច្រើន នៅលើតុកាលពីសប្តាហ៍មុន ដើម្បីជួយសម្រួលដល់ការដោះលែងពួកគេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

លោកបប្ដថា “រដ្ឋាភិបាលរបស់យើង បានទំនាក់ទំនងម្តង ហើយម្តងទៀត និងដោយផ្ទាល់លើសំណើនោះ ហើយខ្ញុំនឹងប្រើការសន្ទនា ដើម្បីតាមដាន ដោយផ្ទាល់ ហើយខ្ញុំសង្ឃឹមថានឹងជំរុញពួកយើងឆ្ពោះទៅរកដំណោះស្រាយមួយ”។

លោកមិនបានបញ្ចេញព័ត៌មានលម្អិត នៃសំណើនេះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ចូ បៃដិន “មិនត្រឹមតែពាក់ព័ន្ធដោយផ្ទាល់នោះទេ” ហើយ “លោកចុះហត្ថលេខាលើ សំណើ ណាមួយដែលយើងធ្វើ ប្រាកដណាស់នៅពេលនិយាយ អំពីជនជាតិអាមេរិក ដែលកំពុងត្រូវបានឃុំខ្លួន ដោយបំពាននៅបរទេស” ។

រដ្ឋបាលលោក បៃដិន បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើថាតើខ្លួននឹង យល់ព្រមដោះលែង Viktor Bout ដែលជាឈ្មួញអាវុធរុស្ស៊ី ដែលកំពុងជាប់ពន្ធនាគារ រយៈពេល ២៥ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែក នៃការផ្លាស់ប្តូរសម្រាប់ Griner និងលោក Whelan៕

ប្រែសម្រួល ឈូក បូរ៉ា

To Top