ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក អង់គ្លេស អូស្ត្រាលី លុបចោលការសម្រេចចិត្ត​ លើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ

ប៉េកាំង៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអាមេរិក អង់គ្លេស និងអូស្ត្រាលី គោរពឆន្ទៈរបស់ប្រទេសក្នុងតំបន់ និងលុបចោលការសម្រេចចិត្ត អនុវត្តកិច្ចសហប្រតិបត្តិការ លើនាវាមុជទឹកនុយក្លេអ៊ែរ ដើម្បីជៀសវាងការប៉ះពាល់ ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ សហរដ្ឋអាមេរិក-អង់គ្លេស និងអូស្ត្រាលី។

ប្រទេសទាំងបី បានដាក់ឯកសារការងារពាក់ព័ន្ធ ទៅកាន់សន្និសិទពិនិត្យឡើងវិញ លើកទី១០ នៃភាគីនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ (NPT) ដើម្បីការពារកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ដោយកត់សម្គាល់ថា ការប្រកាសកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ រវាងប្រទេសទាំងបី បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ លោក Zhao បានលើកឡើងថា ភាគីចិនបានលើកឡើង ពីការប្រឆាំងរបស់ខ្លួនជាច្រើនលើក ហើយបានបញ្ជូនឯកសារការងារ ទៅសន្និសិទពិនិត្យឡើងវិញ លើកទី១០ នៃ NPT នៅខែធ្នូ ឆ្នាំ២០២១ ។

លោក Zhao បានបន្ថែមថា ភាគីចិន បានកត់សម្គាល់ថា ឥណ្ឌូនេស៊ីក៏បានបញ្ជូនឯកសារការងារ ទៅសន្និសិទពិនិត្យឡើងវិញលើកទី១០ ដោយដាក់ចេញនូវការព្រួយបារម្ភជាច្រើន អំពីហានិភ័យ នៃការរីកសាយភាយនុយក្លេអ៊ែរ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ លើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

គួរឱ្យសោកស្ដាយ ដែលប្រទេសទាំងបី មិនទាន់ប្រឈមមុខ និងដោះស្រាយកង្វល់របស់ភាគីផ្សេងៗនៅឡើយ ដោយអ្នកនាំពាក្យរូបនេះបានបន្ថែមថា ទោះបីជាប្រទេសទាំងបីជជែកតវ៉ា បែបណាក៏ដោយ ក៏ពួកគេមិនអាចផ្លាស់ប្តូរការពិត ជាមូលដ្ឋានដែលថា កិច្ចសហប្រតិបត្តិការត្រីភាគី មានហានិភ័យនៃការរីកសាយភាយ នុយក្លេអ៊ែរធ្ងន់ធ្ងរ និងបំពាន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top