ព័ត៌មានអន្តរជាតិ

ស្វែងយល់អំពី ការរីកចម្រើនផ្នែកបច្ចេកវិទ្យា របស់ប្រទេសចិន

ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងទៅនេះ វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ប្រទេសចិន មានការវិវត្តរីកចម្រើនយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ ដោយប្រទេសចិនបាន ហក់ឡើងទៅដល់លំដាប់ទី១២ នៅលើតារាងសកលលោកស្ដីពី ប្រទេសដែលមាននវានុវត្តន៍ ខ្ពស់បំផុតប្រចាំឆ្នាំ២០២១ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ប្រទេសចិនស្ថិតនៅត្រឹមលំដាប់ទី ២០ នៅលើតារាងនេះ។

បើនិយាយអំពីសមត្ថភាព បច្ចេកវិទ្យារបស់ប្រទេសចិន រហូតមកដល់ពេលនេះ យើងអាចនិយាយបានថា ប្រទេសចិនមានសមត្ថភាពរឹងមាំ ផ្នែកបច្ចេកវិទ្យាកម្រិតមធ្យម ដូចជា បច្ចេកវិទ្យាគ្រឿងយន្ត សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិកទំនើប ឧបករណ៍អេឡិកត្រូនិកនិងសម្ភារៈ ឧបករណ៍ថាមពលកកើតឡើងវិញ ហើយទន្ទឹមគ្នានេះ ប្រទេសចិន កំពុងបោះជំហានឆ្ពោះទៅរកកា រពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាប្រព័ន្ធថាមពលស្អាត យានយន្តបើកបរដោយខ្លួនឯង យានយន្តប្រើប្រាស់ថាមពលថ្មី ស្វ័យប្រវត្តិកម្មនិងមនុស្សយន្ត បច្ចេកវិទ្យាវេជ្ជសាស្រ្ត បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ក្រោយ បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាអវកាស និងពាណិជ្ជកម្មអេឡិកត្រូនិក។

ជោគជ័យដ៏លេចធ្លោទាំងនេះ មិនមែនកើតឡើងដោយចៃដន្យ ឥតព្រាងទុកនោះឡើយ តែសមិទ្ធិផលទាំងនេះ គឺជាលទ្ធផលនៃការដឹកនាំដ៏ល្អ និងការរៀបចំផែនការ និងការអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធិភាព របស់រដ្ឋាភិបាលចិន រួមផ្សំនិងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធនានា ដូចជាវិស័យឯកជននិងប្រជាជនចិន ព្រមទាំងភាពអំណោយផលនៃ រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំ របស់ប្រទេសចិន ផងដែរ។

គោលដៅចម្បងរបស់រដ្ឋាភិបាលចិន គឺប្រែក្លាយប្រទេសចិនទៅជា “ប្រជាជាតិនវានុវត្តន៍” មួយ។ ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវ គោលនយោបាយឧស្សាហកម្ម ជាយុទ្ធសាស្រ្តដែលមានឈ្មោះថា “ផលិតនៅក្នុងប្រទេសចិន នៅឆ្នាំ២០២៥” ដោយរដ្ឋាភិបាលចិន ផ្ដោតការយកចិត្តទុកដាក់ជាចម្បង ទៅលើការវិនិយោគលើការ សិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ការសិក្សាអប់រំ និងការវិនិយោគទុនលើការចាប់ផ្ដើម អាជីវកម្មដំបូងរបស់សហគ្រិន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនបានតម្រង់ទិស នៃការវិនិយោគ របស់ខ្លួនទៅលើបច្ចេកវិទ្យាថ្មីៗ ជាយុទ្ធសាស្រ្ដដែលមានដូចជា បច្ចេកវិទ្យាបរិស្ថាន ព័ត៌មាននិងទូរគមនាគមន៍ បច្ចេកវិទ្យាជីវសាស្រ្ត ផលិតកម្មទំនើប និងថាមពលកកើតឡើងវិញ ជាដើម។

ក្នុងឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលចិនបានចំណាយទុនប្រហែល ៤២០ពាន់លានដុល្លា សហរដ្ឋអាមេរិក ទៅលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលស្មើនឹង ២,៤៤% នៃផលិតផលក្នុងស្រុកសរុប ដែលនេះគឺជាបរិមាណ ទុនវិនិយោគខ្ពស់បំផុតក្នុងលំដាប់ទីពីរ ទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ បើប្រៀបធៀបទៅនឹងប្រទេសដ៏ទៃផ្សេងទៀត នៅទូទាំងពិភពលោក។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនបាន អនុវត្តគោលនយោបាយបើកចំហ ដោយគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ ជាមួយប្រទេសនានានៅទូទាំងពិភពលោក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ដោយយល់ឃើញថា សមត្ថភាពធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍ រដ្ឋាភិបាលចិន ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យអប់រំ ដោយតម្រង់ទិសនៃការផលិត ធនធានមនុស្សឆ្ពោះទៅរក ការអភិវឌ្ឍនវានុវត្តន៍។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលចិន ចំណាយប្រហែល២០% នៃថវិកាជាតិទៅលើវិស័យអប់រំ។ ទន្ទឹមនឹងនេះ ប្រជាជនចិនខ្លួនឯង ក៏បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការសិក្សាអប់រំ របស់កូនចៅពួកគេផងដែរ។ ប្រទេសចិន មានអត្រាសិស្សនិស្សិតដែល សិក្សានៅឯបរទេសច្រើនជាងគេបំផុត។ ប្រទេសចិន ផលិតបានសិស្សដែលបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ច្រើនជាងសហរដ្ឋអាមេរិក រហូតដល់ទៅ៩ដង ។

សមិទ្ធិផលក្នុងវិស័យអប់រំ ដ៏លេចធ្លោទាំងនេះ ធ្វើឲ្យប្រទេសចិនទទួលបានកម្លាំង ពលកម្មដែលមានចំណេះដឹងខ្ពស់ និងវិន័យល្អដែលមានសមត្ថភាព ពេញលេញក្នុងការបំពេញ ការងារជាមួយបច្ចេកវិទ្យាថ្មីៗ និងមានសមត្ថភាព សិក្សាស្រាវជ្រាវអភិវឌ្ឍ ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗ ដោយផ្អែកលើបច្ចេកវិទ្យាដែលមានស្រាប់។ ទន្ទឹមនឹងនេះ ប្រទេសចិន មានមូលដ្ឋានគ្រឹះ បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម នៅក្នុងស្រុកដ៏រឹងមាំរួចជាស្រេច និងមានទីផ្សារក្នុងស្រុកដ៏ធំសម្បើម និងកម្លាំងទិញធំធេងដែល កំពុងកើនឡើងឥតឈប់ឈរ ដែលកត្តាទាំងនេះ គឺជាកត្តាដ៏មានឥទ្ធិពលដែលទាក់ទាញ និងជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជននានា ធ្វើការវិនិយោគនិងខិតខំ ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។

ការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន មិនត្រឹមតែផ្ដល់ផលប្រយោជន៍ ដល់ប្រទេសចិនខ្លួនឯងតែប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ផលប្រយោជន៍ យ៉ាងច្រើនដល់ពិភពលោកទាំងមូល ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។ ប្រទេសកំពុងអភិវឌ្ឍនានា ត្រូវការជាចាំបាច់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម របស់ខ្លួនឲ្យបានឆាប់រហ័ស ហើយប្រទេសចិនមានសមត្ថភាព
ផលិតនិងផ្គត់ផ្គង់បច្ចេកវិទ្យាបែបនេះ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតម្លៃទាប ដែលប្រទេសទាំងនោះអាចទទួលយកបាន៕

To Top