ព័ត៌មានអន្តរជាតិ

Update: លោក ចូ បៃដិន យល់ព្រមជួបតទល់មុខគ្នា ជាមួយលោក ហ្ស៊ី នៅក្នុងកិច្ចប្រជុំកំពូល

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក និងសមភាគីចិន លោក ហ្ស៊ី ជិនពីង បានយល់ព្រមកំណត់ពេល កិច្ចប្រជុំកំពូលដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ក្នុងអំឡុងពេលការហៅទូរស័ព្ទ ដែលមានភាពតានតឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលលោក ហ្ស៊ី បានព្រមានសហរដ្ឋអាមេរិកកុំឱ្យ “ប្រលែងជាមួយភ្លើង” នៅកោះតៃវ៉ាន់ ។

ទោះបីជានេះគឺជាការហៅទូរស័ព្ទ ឬវីដេអូលើកទី៥ របស់ពួកគេចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងកាលពីមួយឆ្នាំមុនក៏ដោយ ប៉ុន្តែកិច្ចប្រជុំកំពូលនឹងក្លាយជា កិច្ចប្រជុំផ្ទាល់លើកដំបូង របស់ពួកគេក្នុងនាមជាមេដឹកនាំ ។ មិនមានព័ត៌មានលម្អិតអំពីពេលវេលា ឬទីតាំងនោះទេ ។

មន្ត្រីអាមេរិកម្នាក់បានលើកឡើង ដោយនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា លោក បៃដិន និងលោក ហ្ស៊ី “បានពិភាក្សាអំពីតម្លៃនៃការជួបទល់មុខគ្នា ហើយបានយល់ព្រមឱ្យក្រុម របស់ពួកគេតាមដានដើម្បីស្វែងរក ពេលវេលាដែលយល់ព្រមគ្នា ទៅវិញទៅមកដើម្បីធ្វើដូច្នេះ” ។

ភាគីទាំង២ បានពណ៌នាការហៅទូរស័ព្ទ ដែលមានរយៈពេល ២ម៉ោងនិង១៧នាទីថា ជាការផ្លាស់ប្តូរដ៏រឹងមាំលើ ជម្លោះជាច្រើនរវាង មហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ របស់ពិភពលោក ។

ទីភ្នាក់ងារស៊ិនហួគ្រប់គ្រង ដោយរដ្ឋរបស់ប្រទេសចិន បានផ្សាយថា លោក ហ្ស៊ី បានលើកឡើងដោយសង្កត់ធ្ងន់ លើគោលនយោបាយរបស់ សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែចិនចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top