ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា អ្នកស្រុកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រុកដែលមានការព្រួយបារម្ភ បានដេកនៅខាងក្រៅផ្ទះ បន្ទាប់ពីមានការរញ្ជួយដីរាប់រយដង បានកើតឡើងនៅភាគខាងជើង ប្រទេសហ្វីលីពីន ខណៈដែលប្រធានាធិបតីលោក Ferdinand Marcos Jr បានធ្វើតាមជើងហោះហើរទៅកាន់ តំបន់រងគ្រោះដើម្បីពិនិត្យ មើលការខូចខាតទាំងនោះ ។
អាជ្ញាធរបានលើកឡើងថា មនុស្ស៥នាក់បានស្លាប់ និងជាង១៥០នាក់បានរងរបួស នៅគ្រាដែលមានការរញ្ជួយដីកម្រិត ៧រិចទ័រ បានវាយប្រហារមកលើខេត្ត Abra ដែលមានប្រជាជនរស់នៅតិចបំផុត របស់ប្រទេសនេះកាលពីព្រឹកថ្ងៃពុធ ។
គ្រោះរញ្ជួយដីដ៏ខ្លាំងនេះ បានបក់បោកពាសពេញតំបន់ភ្នំ ធ្វើឲ្យមានការដួលរលំអគារ បង្កឱ្យមានគ្រោះបាក់ដី និងអង្រួនប៉មខ្ពស់ៗ រាប់រយគីឡូម៉ែត្រពីរដ្ឋធានីម៉ានីល ។
លោក Reggi Tolentino ម្ចាស់ភោជនីយដ្ឋាននៅទីរួមខេត្ត Bangued របស់ខេត្ត Abra បានលើកឡើងថា “ការរញ្ជួយដីកើតឡើងស្ទើរតែរៀងរាល់ ២០នាទី និង១៥នាទីចាប់តាំងពីថ្ងៃម្សិលមិញ” ។
លោកបាននិយាយថា “មនុស្សជាច្រើនបានដេក នៅខាងក្រៅកាលពីយប់មិញ ស្ទើរតែគ្រប់គ្រួសារទាំងអស់” ។
អគាររាប់រយខ្នងត្រូវបានខូចខាត ឬបំផ្លាញ ផ្លូវថ្នល់ត្រូវបានបិទដោយសារគ្រោះបាក់ដី ហើយថាមពលត្រូវបានបំផ្លាញ នៅក្នុងខេត្តដែលរងផលប៉ះពាល់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា