រ៉ាម៉ាឡា ៖ បេសកជនប៉ាឡេស្ទីន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប៉ាឡេស្ទីនកំពុង “ខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង” ដើម្បីទទួលបានសមាជិក ភាពពេញលេញ របស់អង្គការសហប្រជាជាតិ ដើម្បីការពារដំណោះស្រាយ រដ្ឋពីរ ។
លោក Riyad Mansour បានប្រាប់ស្ថានីយវិទ្យុ Voice of Palestine ជាផ្លូវការថា បេសកកម្មប៉ាឡេស្ទីន “កំពុងធ្វើការដើម្បីបញ្ចុះបញ្ចូលប្រទេសអារ៉ាប់ និងអឺរ៉ុបច្រើនជាងគេ ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងនេះ មិនត្រូវបានរារាំងដោយការប្រើវេតូណាមួយ” ។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានលើកឡើងពីបញ្ហាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកទៅកាន់តំបន់ក្នុងខែកក្កដា និងជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ពួកគេនៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន និងជាមួយស្តេច Abdullah II នៃប្រទេសហ្ស៊កដានី នៅទីក្រុង Amman កាលពីដើមសប្តាហ៍នេះ។
លោកបានព្រមានថា ការគំរាមកំហែង “ចំពោះដំណោះស្រាយរដ្ឋទាំងពីរ នៅតែកើនឡើងជាមួយនឹងការអនុវត្តរបស់អ៊ីស្រាអែលនៅលើដី ជាពិសេសការសាងសង់លំនៅដ្ឋាន រាប់រយកន្លែងនៅក្នុងទឹកដីប៉ាឡេស្ទីន” ។
បេសកជនប៉ាឡេស្ទីនបានកត់សម្គាល់ថា “ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អនុម័តសមាជិកភាពពេញលេញ របស់ប៉ាឡេស្ទីន វានឹងក្លាយជាជំហានជាក់ស្តែង ដ៏សំខាន់ក្នុងការការពារដំណោះស្រាយរដ្ឋ ទាំងពីរ ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល” ៕
ប្រែសម្រួល ឈូក បូរ៉ា