ព័ត៌មានអន្តរជាតិ

ប្រធានផ្នែករំសាយអាវុធ របស់អង្គការ សហប្រជាជាតិ សង្កត់ធ្ងន់ថា ត្រូវតែបញ្ជាក់ឡើងវិញ នូវរបបមិនរីកសាយ នុយក្លេអ៊ែរ

តូក្យូ ៖ ប្រមុខការរំសាយអាវុធ របស់អង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu បានសង្កត់ធ្ងន់ លើតម្រូវការ ដើម្បីបញ្ជាក់ឡើងវិញ នូវសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ជាសសរស្តម្ភ នៃប្រព័ន្ធសន្តិសុខ ពិភពលោក បន្ទាប់ពីការគម្រាម របស់រុស្ស៊ីក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលប្រទេសនានា ប្រមូលផ្តុំគ្នាសម្រាប់សន្និសីទ ពិនិត្យកិច្ចព្រមព្រៀងពីថ្ងៃចន្ទ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មានក្យូដូ អគ្គលេខាធិការរង របស់អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការ រំសាយអាវុធបានលើកឡើងថា លោកស្រី នឹងបន្តលទ្ធផលជាក់ស្តែង នៅក្នុងផ្នែក នៃវិធានការកាត់បន្ថយ ហានិភ័យនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពល នុយក្លេអ៊ែរ ដោយសន្តិវិធីក្នុងអំឡុងកិច្ចពិភាក្សា នៅទីស្នាក់ការអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក ។

សន្និសិទត្រួតពិនិត្យ កិច្ចព្រមព្រៀង មិនរីកសាយនុយក្លេអ៊ែរ NPT ចុងក្រោយក្នុងឆ្នាំ២០១៥ បានបញ្ចប់ដោយមិនបានចេញ ឯកសារឯកភាពមួយ ដោយសារតែការខ្វែងគំនិតគ្នា រវាងរដ្ឋនុយក្លេអ៊ែរ និងរដ្ឋមិនមែននុយក្លេអ៊ែរ។

វាត្រូវបានគេភ័យខ្លាចថា ការបរាជ័យ ត្រឡប់មកវិញ ក្នុងការទទួលយកឯកសារ លទ្ធផលនឹងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់របប NPT ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាសកលឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែរ និងការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ។

លោកស្រី Nakamitsu បានទទួលស្គាល់ថា បរិយាកាសជុំវិញសន្និសីទ ត្រួតពិនិត្យនាពេលខាងមុខគឺ “ពិបាកណាស់” ដោយសារតែការបែងចែក កំពុងកាន់តែស៊ីជម្រៅ ក្នុងចំណោមរដ្ឋអាវុធ នុយក្លេអ៊ែរ ដូចជាសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ប៉ុន្តែនោះមិនមានន័យថា សន្និសីទ នេះ គ្មាន ឱកាស ទទួល បានជោគជ័យនោះទេ ។

ដោយនិយាយថាភាគីទាំងអស់ នៃសន្ធិសញ្ញាទទួលស្គាល់ថា ការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរចាំបាច់ ត្រូវកាត់បន្ថយ ប្រធានការរំសាយអាវុធ បានបង្ហាញថា វានៅតែអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ជាក់ឡើងវិញ នូវគោលការណ៍មិនប្រើប្រាស់ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top