ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស នៅមជ្ឈិមបូព៌ា បដិសេធការបញ្ជា របស់អាមេរិក ដើម្បីស្វែងរកស្វ័យភាព ជាយុទ្ធសាស្ត្រ

តេអេរ៉ង់ ៖ ប៉ុន្មានថ្ងៃបន្ទាប់ ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ាលើកដំបូង របស់លោកក្នុងគោលបំណង ប្រមូលផ្តុំការគាំទ្រ ការអភិវឌ្ឍន៍ ក្នុងតំបន់ជាច្រើន បានកើតឡើង នៅក្នុងតំបន់ ដែលបង្ហាញពីការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញរបស់ប្រទេស ក្នុងតំបន់លើស្វ័យភាព ជាយុទ្ធសាស្ត្រ និងការធុញទ្រាន់នឹងការជ្រៀត ជ្រែករបស់សហរដ្ឋអាមេរិក។

បន្ទាប់ពីដំណើរ ទស្សនកិច្ច របស់លោក បៃដិន ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានទៅបំពេញ ទស្សនកិច្ច នៅអ៊ីរ៉ង់រួមគ្នា ជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ។ ប្រធានាធិបតី នៃប្រទេសអារ៉ាប់រួម (UAE) លោក Sheikh Mohamed bin Zayed Al Nahyan បានជ្រើសរើសទីក្រុងប៉ារីស ជំនួសទីក្រុងវ៉ាស៊ីនតោន ជាទិសដៅ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅក្រៅប្រទេសលើកដំបូងរបស់លោក ខណៈដែលទីក្រុង តេអេរ៉ង់ និងទីក្រុងរីយ៉ាដ បានយល់ព្រមធ្វើកិច្ចចរចា ផ្សះផ្សាសាធារណៈរបស់ពួកគេ។

អ្នកវិភាគបានឲ្យដឹងថា នៅពីក្រោយទង្វើទាំងនេះ គឺជាដំណើរស្វែងរករួមគ្នា សម្រាប់ការអភិវឌ្ឍន៍ និងសន្តិសុខដោយបណ្តា ប្រទេសក្នុងតំបន់ ខណៈដែលពួកគេស្វែងរកការដណ្តើម យកស្វ័យភាពជាយុទ្ធសាស្ត្រ ដែលគ្របដណ្តប់ដោយឥទ្ធិពល របស់សហរដ្ឋអាមេរិក មកក្នុងដៃរបស់ពួកគេវិញ។

នៅពេលដែលវិបត្តិអ៊ុយក្រែន នៅតែបន្តកើនឡើង បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ភាគច្រើនបានបដិសេធមិនចូលរួមក្នុង “ជំរុំប្រឆាំងរុស្ស៊ី” ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ពីការបែកបាក់រវាងពួកគេ។

ជាឧទាហរណ៍ សហភាពអារ៉ាប់រួមក្នុងខែកុម្ភៈ បានបដិសេធមិនបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីថ្កោលទោសរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

ចំពោះបញ្ហា ថាមពល សហរដ្ឋអាមេរិក និងអង់គ្លេស បាននឹងកំពុងជំរុញឱ្យប្រទេសសម្បូរប្រេង នៅមជ្ឈិមបូព៌ា បង្កើនផលិតកម្មប្រេង ដើម្បីកាត់បន្ថយ តម្លៃប្រេង និងបន្ធូរបន្ថយវិបត្តិថាមពលរបស់ពួកគេ ដោយហេតុនេះបង្កើតចន្លោះគោលនយោបាយ ដើម្បីដាក់សម្ពាធបន្ថែមលើរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top