ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ចោទ​អ៊ីស្រាអែល​ថា មិន​អើពើ​នឹង​ការ​សន្យា​ របស់​លោក បៃដិន

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ បានថ្កោលទោសការសម្លាប់ យុវជនប៉ាឡេស្ទីនម្នាក់ ហើយបានចោទប្រកាន់ អ៊ីស្រាអែលថា មិនអើពើនឹងការសន្យា ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។

អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនលោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីប៉ាឡេស្ទីនថ្កោលទោស “ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត ដោយទាហានអ៊ីស្រាអែល” នៅក្នុងភូមិ Al-Mughayyir ភាគឦសាននៃទីក្រុងរ៉ាម៉ាឡា។

លោក Abu Rudeineh បានលើកឡើងថា “រដ្ឋាភិបាលអ៊ីស្រាអែល ទទួលនូវផលវិបាកនៃការរំលោភ លើរាល់ដំណោះស្រាយនៃភាពស្របច្បាប់អន្តរជាតិ និងច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា ខ្លួនបានបញ្ជាក់ពីការ មិនយកចិត្តទុកដាក់របស់អ៊ីស្រាអែល និងការបដិសេធចំពោះការប្តេជ្ញាចិត្ត និងការសន្យាទាំងអស់ដែលបានធ្វើឡើងដោយលោក បៃដិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នាពេលថ្មីៗនេះរបស់គាត់ទៅកាន់តំបន់ ដោយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល។

កាលពីព្រឹកថ្ងៃសុក្រ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅក្នុងការប៉ះទង្គិចគ្នា ដែលបានផ្ទុះឡើងនៅក្នុងភូមិ Al-Mughayyir អំឡុងពេលបាតុកម្មប្រឆាំង នឹងគោលនយោបាយរបស់អ៊ីស្រាអែល ក្នុងការពង្រីកការតាំងទីលំនៅ និងការរឹបអូសយកដីប៉ាឡេស្ទីន។

ទន្ទឹមនឹងនេះដែរ ជនជាតិប៉ាឡេស្ទីនមួយចំនួន បានរងរបួសក្នុងថ្ងៃតែមួយ អំឡុងពេលមានការប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអែល នៅជិតទីក្រុង Nablus ភាគខាងជើងខាងលិច នេះបើយោងតាមសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top