ណាននីង៖ តំណាងមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បូកនឹងចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ឬហៅថា (អាស៊ានបូក៣ ឬ ១០+៣) កាលពីថ្ងៃសុក្រ បានស្នើគំនិតផ្តួចផ្តើមរួមគ្នា សម្រាប់ការពង្រឹងខ្សែសង្វាក់ឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។
គំនិតផ្តួចផ្តើមនេះត្រូវបានធ្វើឡើង ដោយអង្គការជំរុញពាណិជ្ជកម្ម និងការវិនិយោគ សភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មនៅវេទិកាអាស៊ានបូក៣ ស្តីពីកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់នៅក្នុងទីក្រុង Suzhou ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។
គំនិតផ្តួចផ្តើមរួមមានការធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ឧស្សាហកម្មក្នុងតំបន់ និងខ្សែសង្វាក់ផ្គត់ផ្គង់ ការធានានូវការដឹកជញ្ជូនអន្តរជាតិ ដែលមិនមានការរារាំង និងឆាប់រហ័ស ការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងសេដ្ឋកិច្ចបៃតង ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការកសាងវេទិកាសេវាកម្ម សហគ្រាសយ៉ាងសកម្ម។
ឆ្នាំនេះគឺជាខួបលើកទី២៥ នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ានបូក៣។ លោក Li Fei ជំនួយការផ្នែកពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសទាំងនេះ បាននឹងកំពុងប្រកាន់ខ្ជាប់ នូវគុណតម្លៃនៃការបើកចំហ សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ ខណៈពេលដែលការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ហើយបានក្លាយជាកម្លាំងសំខាន់សម្រាប់ការការពារ និងស្ថេរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងបណ្តាញផ្គត់ផ្គង់ពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក Li បានបន្ដថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងអាស៊ាន ខណៈដែលអាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសចិន៕ ប្រែសម្រួល ឈូក បូរ៉ា