វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមានម្តងទៀត សម្រាប់កូវីដ-១៩ ហើយនឹងលុបចោលការធ្វើដំណើរ ដែលបានគ្រោងទុកចំនួន២ ប៉ុន្តែមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយមានអារម្មណ៍ថា “មានសុខភាពល្អ” ។
សេតវិមានបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោក បៃដិន ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺនេះ កាលពី៩ថ្ងៃមុន ប៉ុន្តែបន្ទាប់មកបានធ្វើតេស្តអវិជ្ជមាន២ដង កាលពីដើមសប្តាហ៍នេះ “នឹងនៅដាច់ដោយឡែកនៅឯសេតវិមាន រហូតដល់គាត់ធ្វើតេស្តអវិជ្ជមាន” ហើយកំពុងលុបចោលការធ្វើដំណើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ទៅកាន់ទីក្រុង Delaware និង Michigan ។
លោក បៃដិន បានរៀបចំគម្រោងដំណើរទៅរដ្ឋ Michigan ដើម្បីលើកឡើងពីការអនុម័តច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញឧស្សាហកម្មបន្ទះសៀគ្វី ដែលសេតវិមានបានប្រកាស កាលពីព្រឹកថ្ងៃសៅរ៍ ។
ការធ្វើតេស្តវិជ្ជមានរបស់ បៃដិន ត្រូវបានគេជឿថា ជា “ការកើតឡើងវិញ” វិជ្ជមានដែលជួបប្រទះ ដោយអ្នកជំងឺកូវីដ-១៩ មួយចំនួន នេះបើយោងតាមគ្រូពេទ្យសេតវិមាន លោកវេជ្ជបណ្ឌិត Kevin O’Connor ។
លោក បៃដិន បានសរសេរលើបណ្តាញ Twitter អំពីករណីវិជ្ជមានរបស់លោក ដោយលើកឡើងថា វាអាចកើតឡើងចំពោះ “ប្រជាជនភាគតិច” ។
គាត់បានសរសេរថា “ខ្ញុំមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែខ្ញុំនឹងនៅដាច់ដោយឡែកពីគេ ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា ដែលនៅជុំវិញខ្ញុំ។ ខ្ញុំនៅតែធ្វើការ ហើយនឹងត្រលប់មកតាមផ្លូវវិញ ក្នុងពេលឆាប់ៗនេះ” ។
លោក O’Connor បានលើកឡើងថា លោក បៃដិន ដែលមានអាយុ៧៩ឆ្នាំ បានធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៤ថ្ងៃ ចុងក្រោយ ហើយមិនមានផែនការ ដើម្បីចាប់ផ្តើមការព្យាបាលឡើងវិញ ដោយសារតែមិនមានរោគសញ្ញារបស់គាត់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា