ព័ត៌មានអន្តរជាតិ

ប៉ូលិសចាប់ខ្លួនបុរសម្នាក់ ចូលលួចដោះយកទង់ជាតិ នៅវិមានប្រធានាធិបតីស្រីលង្កា

កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនមេដឹកនាំសហជីពស្រីលង្កា ដែលចោទប្រកាន់ថា បានយកទង់ជាតិផ្លូវការចំនួន២ពីវិមានរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវគេទម្លាក់ ហើយប្រើវាជាក្រណាត់គ្រែ និងសារុង។

មនុស្សរាប់ម៉ឺននាក់ ដែលខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យនៅមាត់សមុទ្ររបស់លោក Rajapaksa កាលពីដើមខែនេះ ដោយបង្ខំឱ្យមេដឹកនាំភៀសខ្លួនចេញពីប្រទេស ហើយក្រោយមកលាលែងពីតំណែង ។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការចាប់ខ្លួនបុរសនោះកាលពីយប់ថ្ងៃសុក្រ កើតឡើងបន្ទាប់ពីការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា គាត់ប្រើទង់ជាតិផ្លូវការរបស់ប្រធានាធិបតីមួយជាក្រណាត់គ្រែ និងមួយទៀតជាសារុង ។

មន្ត្រីរូបនេះបាននិយាយថា “យើងបានកំណត់អត្តសញ្ញាណគាត់ពីវីដេអូដែលបានថត និងបង្ហោះដោយកូនប្រុសរបស់គាត់។

គាត់បានប្រាប់អ្នកស៊ើបអង្កេតថា គាត់បានដុតទង់ជាតិមួយ ហើយយើងបានយកមកវិញមួយ ដែលគាត់ប្រើជាសារុង ។

មន្ត្រីរូបនេះបានបន្ថែមថា បុរសនេះត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរយៈពេល២សប្តាហ៍ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ។

គួរបញ្ជាក់ថា ប្រជាជនចំនួន២២លាននាក់ របស់ប្រទេសស្រីលង្កា បានស៊ូទ្រាំនឹងការដាច់ភ្លើង រយៈពេលជាច្រើនខែ អត្រាអតិផរណា និងកង្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top