កង់បេរ៉ា៖ របាយការណ៍ដ៏សំខាន់មួយ បានព្រមានថាអូស្ត្រាលីកំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ឧស្ម័ននៅឆ្នាំ២០២៣ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
និយតករការប្រកួតប្រជែង គណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) នៅថ្ងៃចន្ទនេះបានចេញផ្សាយរបាយការណ៍ បណ្តោះអាសន្នមួយពីការស៊ើបអង្កេតរបស់ខ្លួន លើឧស្សាហកម្មឧស្ម័នធម្មជាតិរាវ (LNG) ក្នុងស្រុក។
ប្រភពបានរកឃើញថា អូស្ត្រាលីកំពុងប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ចំនួន ៥៦ petajoules (PJ) នៅឆ្នេរសមុទ្រភាគខាងកើតក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រហែល ១០ ភាគរយនៃតម្រូវការក្នុងស្រុក ហើយបានអំពាវនាវឱ្យអ្នកនាំចេញ LNG រក្សាការផ្គត់ផ្គង់ ដែលគ្មានកិច្ចសន្យា សម្រាប់ទីផ្សារក្នុងស្រុក។
ប្រធាន ACCC លោក Gina Cass-Gottlieb បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងក៏កំពុងលើកទឹកចិត្តយ៉ាងខ្លាំង ដល់អ្នកនាំចេញ LNG ឱ្យបង្កើនការផ្គត់ផ្គង់របស់ពួកគេទៅក្នុងទីផ្សារភ្លាមៗ” ។
ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលីត្រូវបានគេព្យាករណ៍ថានឹងផលិតឧស្ម័ន 1,981 PJ នៅឆ្នាំ២០២៣ ដែលប្រហែល ៦៥,៦ភាគរយ នឹងត្រូវបាននាំចេញក្រោមកិច្ចសន្យារយៈពេលវែង។
ឆ្លើយតបទៅនឹងរបាយការណ៍នេះ លោក Jim Chalmers ហេរញ្ញិករបស់អូស្ត្រាលីបានឲ្យដឹងថា វាបានលាតត្រដាងបញ្ហា “គួរឱ្យព្រួយបារម្ភ” ជាមួយនឹងទីផ្សារឧស្ម័ន។
លោកបានបន្តថា “វាព្យាករណ៍ពីកង្វះខាតឧស្ម័នយ៉ាងខ្លាំង សម្រាប់ឆ្នាំក្រោយលុះត្រាតែ អ្នកផលិតឧស្ម័នផ្គត់ផ្គង់ឧស្ម័ន ដែលមិនបានចុះកិច្ចសន្យា ឬលើសចំណុះទៅទីផ្សារក្នុងស្រុក”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
