ព័ត៌មានអន្តរជាតិ

ចិនអាចនឹងបញ្ជូន កងទ័ពអាកាស ទៅកាន់កោះតៃវ៉ាន់

បរទេស ៖ អ្នកនាំពាក្យម្នាក់បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពអាកាសចិន នឹងប្រើប្រាស់យន្តហោះចម្បាំងហោះ ជុំវិញកោះតៃវ៉ាន់ ប្រសិនបើចាំបាច់ដើម្បី “ការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី” ។ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កំពុងធ្វើដំណើរ ទៅកាន់តំបន់នេះ ប៉ុន្តែវាមិនទាន់ច្បាស់ថា តើលោកស្រី នឹងបន្តដំណើរទស្សនៈកិច្ចដ៏ចម្រូងចម្រាស ទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងប្រឆាំង ដាច់ខាតឬយ៉ាងណា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងពិធីតាំងពិពណ៌យោធាមួយកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យកងទ័ពអាកាសលោក Shen Jinke បាននិយាយថា ប្រទេសចិន មានយន្តហោះជាច្រើនប្រភេទ ដែលមានសមត្ថភាពហោះហើរជុំវិញ “កោះដ៏មានតម្លៃ នៃមាតុភូមិរបស់យើង” ។

យោងតាមរបាយការណ៍ របស់ Reuters ដែលដកស្រង់សម្តី របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថា លោក Shen បានបន្ថែមថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសចិន “មានឆន្ទៈរឹងមាំ ទំនុកចិត្តពេញលេញ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី” ៕

To Top