ព័ត៌មានអន្តរជាតិ

ចិនបាញ់មីស៊ីល លឿនជាងសំឡេងប្រភេទ DF-17 ចេញពីច្រកសមុទ្រតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក ទៅកាន់អាស៊ី

ប៉េកាំង៖ កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះ Pingtan ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីឆ្នេរសមុទ្រតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aerotime។

សមយុទ្ធនេះរួមមានការដាក់ឱ្យ ដំណើរការប្រព័ន្ធល្បឿនលឿនជាងសំឡេង DF-17 ពីវេទិកានៅលើដី ដូចដែលបានឃើញនៅក្នុងវីដេអូផ្សព្វផ្សាយដែលបាន ចេញផ្សាយមុនខួបលើកទី៩៥ នៃការបង្កើត PLA នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ការបង្ហាញកម្លាំងក៏ស្របពេល ជាមួយនឹងដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលជាផ្នែកនៃដំណើរទេសចរណ៍ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរាយការណ៍ថា បាននិយាយដោយយោងទៅ កោះតៃវ៉ាន់ក្នុងអំឡុងពេលហៅទូរស័ព្ទទៅកាន់សមភាគីអាមេរិកលោក ចូ បៃដិន ថា “អ្នកដែលលេងភ្លើងនឹងឆេះជាទីបំផុត” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួ ។

មីស៊ីលប្រភេទ DF-17 ត្រូវ​បាន​គេ​និយាយ​ថា​ជា​អាវុធ​លឿន​ជាង​សំឡេង​ដំបូង​គេ​របស់​ចិន។ បន្ទាប់ពីត្រូវបានបាញ់បង្ហោះដោយកាំជ្រួចបាលីស្ទីកឥន្ធនៈរឹង រយៈចម្ងាយមធ្យម DF-ZF glider ឈានដល់ល្បឿនធំជាង Mach 5 (ពោលគឺជាង ៦០០០ គីឡូម៉ែត្រក្នុងមួយម៉ោង)។

PLA បំពាក់អាវុធល្បឿនលឿនពីរគឺ DF-17 និង DF-21 ដែលជាកាំជ្រួចប្រឆាំងនាវា ដែលមានល្បឿនលឿនជាងសំឡេង ដែលគេស្គាល់ថាជា CH-AS-X-13 ។ វេទិកាដែលមានល្បឿនលឿនជាងសំឡេងទី៣ ដែលជាកាំជ្រួចប្រឆាំងកប៉ាល់បាញ់បង្ហោះហៅថា YJ-21 បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top