ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ អំពាវនាវឱ្យមានកិច្ចសន្ទនាថ្នាក់ជាតិ ដើម្បីដោះស្រាយ ភាពជាប់គាំងនយោបាយ

បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានអំពាវនាវឱ្យមាន កិច្ចសន្ទនាថ្នាក់ជាតិមួយ ដើម្បីដោះស្រាយភាពជាប់គាំង នយោបាយបច្ចុប្បន្ន ចំពេលមានការតវ៉ាពីសំណាក់អ្នកគាំទ្រ គណបក្សស៊ីអ៊ីត ដែលជាគូប្រជែងនៅទីក្រុងបាកដាដ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយការិយាល័យរបស់គាត់ លោក al-Kadhimi បានជំរុញឱ្យក្រុមបាតុករជម្លៀសខ្លួន ចេញពីស្ថាប័នរដ្ឋាភិបាល ហើយរៀបចំ “ការសន្ទនាថ្នាក់ជាតិ” ដែលពាក់ព័ន្ធនឹងភាគីទាំងអស់ដើម្បី “គូរផែនទីបង្ហាញផ្លូវ សម្រាប់ដំណោះស្រាយ” ។

កាលពីថ្ងៃសៅរ៍ អ្នកដើរតាមរាប់រយនាក់ នៃបព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោ Moqtada al-Sadr បានចាប់ផ្តើមអង្គុយ នៅក្នុងអគារសភា ដោយបដិសេធការតែងតាំងលោក Mohammed Shia’ al-Sudani ជានាយករដ្ឋមន្ត្រីរបស់ប្រទេស នៅថ្ងៃទី២៥ ខែកក្កដា ដោយគូប្រជែងរបស់លោក al-Sadr នៅក្នុងក្របខ័ណ្ឌ ការសម្របសម្រួល (CF) ដែលជាក្រុមឆ័ត្រ នៃគណបក្សសភានិកាយស៊ីអ៊ីត។

កាលពីថ្ងៃចន្ទ ក្រុមបាតុករ CF រាប់ពាន់នាក់ បានធ្វើការតវ៉ាប្រឆាំង និងព្យាយាមចូលទៅជិតអគារសភា ខណៈពេលដែលកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានដំឡើងរបាំងបេតុង និងបានប្រើកាណុងបាញ់ទឹក ដើម្បីការពារពួកគេពីការចូលទៅជិត។

CF បានក្លាយជាសម្ព័ន្ធមិត្តដ៏ធំបំផុត នៅក្នុងសភាអ៊ីរ៉ាក់ បន្ទាប់ពីលោក al-Sadr បានបញ្ជាឱ្យអ្នកដើរតាមរបស់លោក នៅក្នុងចលនា Sadrist ដែលជាអ្នកឈ្នះដ៏ធំបំផុត នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដែលបានទទួលបាន ៨៣អាសនៈ ឱ្យដកខ្លួនចេញពីសភា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top