ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភាជាន់ទាបអាមេរិកធ្វើដំណើរទៅដល់តំបន់ចិនតៃវ៉ាន់ ដោយមិនអើពើនឹងការប្រឆាំងតវ៉ា យ៉ាងដាច់ខាតរបស់ប្រទេសចិន ។ នេះជារឿងបង្ករឿង ដ៏ធ្ងន់ធ្ងរ លើវិស័យនយោបាយ ដែលបានលើកកម្ពស់ លំដាប់ថ្នាក់ នៃកិច្ចប្រាស្រ័យទាក់ទង ជាផ្លូវការរវាង អាមេរិកនិងចិនតៃវ៉ាន់ វាល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ ប្រទេសចិនមួយនិងការកំណត់ នៃសេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិននិងអាមេរិក បានបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ចំពោះមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាង ចិននិងអាមេរិក ហើយក៏បានបំភានយ៉ាងធ្ងន់ធ្ងរ នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ដូច្នេះវាមានលក្ខណៈអាក្រក់ក្រៃលែង និងមានផលវិបាក យ៉ាងធ្ងន់ធ្ងរ ណាស់ ។ ប្រទេសចិន មុខជានឹងចាត់ប្រើរាល់វិធានការទាំងអស់ ដើម្បីគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសជាតិ ។
បញ្ហាតៃវ៉ាន់ ពាក់ព័ន្ធដល់ផលប្រយោជន៍ ស្នូលរបស់ប្រទេសចិន ។
«សេចកី្តប្រកាសក្រុងគែរ»នាឆ្នាំ១៩៤៣ និង«សេចក្តីប្រកាស Potsdam » នាឆ្នាំ១៩៤៥ សុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិគ្មាន ជម្លោះណាទាំងអស់ អំពីការដែលប្រទេសចិន មានអធិបតេយ្យភាព លើទឹកដីរបស់តៃវ៉ាន់ ។
សេចកី្តប្រកាសរួមទាំង៣ច្បាប់ រវាងចិននិងអាមេរិក ក៏បានកំណត់យ៉ាងច្បាស់ថា អាមេរិកទទួលស្គាល់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយ នៃទឹកដីប្រទេសចិន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ប្រទេសចិន ។
ក្នុងនាមជាថ្នាក់ដឹកនាំកំពូល លំដាប់ទីបី របស់រដ្ឋាភិបាលអាមេរិក លោកស្រី Pelosi ដឹងច្បាស់ណាស់អំពីចំណុចនេះ ។ ប៉ុន្តែទីបំផុត គាត់ហ៊ានបង្ករឿងហេតុ គឺមានន័យថា គាត់បានបាត់បង់វិចារណញ្ញាណ និងគិតតែផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន ហើយមិនអើពើទាំងស្រុងថា ទង្វើបង្ករឿងនេះនឹងនាំមកនូវផលប៉ះពាល់ខ្លាំង ដល់ប៉ុនណា ដល់ទំនាក់ទំនង រវាងចិននិងអាមេរិក សន្តិសុខក្នុងតំបន់ ក៏ដូចជាអាមេរិកខ្លួនឯង ។ រឿងនេះធ្វើឱ្យសហគមន៍អន្តរជាតិ បានឃើញកាន់តែច្បាស់ថា មូលហេតុពីឬគល់ដែលបណ្តាលឱ្យ ស្ថានការណ៍តានតឹង នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ឡើងកម្តៅ គឺអាជ្ញាធរតៃវ៉ាន់ ប៉ុនប៉ងម្តងហើយម្តងទៀត ចង់ស្វែងរកឯករាជ្យ ដោយពឹងផ្អែក លើអាមេរិក រីឯអាមេរិកវិញ ក៏មានមនុស្សមួយចំនួន មានចេតនាទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ ធ្វើជាលេសផងដែរ ។
តាមពិតទៅ ការទទូចទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ របស់លោកស្រី Pelosi មិនមែន “យកចិត្តទុកដាក់ ”ដល់តៃវ៉ាន់ពិតប្រាកដនោះទេ ផ្ទុយទៅវិញគឺមានគោលបំណងខាងនយោបាយយ៉ាងច្បាស់ណាស់ ។ មួយផ្នែក ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកកាន់តែខិតជិត បក្សប្រជាធិបតេយ្យរងសម្ពាធយ៉ាងខ្លាំងក្នុងស្ថានការណ៍បោះឆ្នោតដ៏តានតឹង ដូច្នេះលោកស្រី Pelosi ប៉ុនប៉ងដណ្តើមបានសម្លេងឆ្នោត តាមរយៈការបង្ករឿងហេតុចំពោះផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ។ មួយផ្នែកទៀត លោកស្រី Pelosi ក៏ចង់កត់ត្រា “ទំព័រ”មួយក្នុងជីវប្រវត្តិនយោបាយរបស់ខ្លួនតាមរយៈរឿងនេះ ។
ទង្វើផ្សងព្រេង លើវិស័យនយោបាយ របស់លោកស្រី Pelosi លើកនេះ បណ្តាលឱ្យស្ថានការណ៍ តំបន់ច្រកសមុទ្រតៃវ៉ាន់ ឡើងកម្តៅថែមមួយកម្រិតទៀត ហើយក៏បានវាយប្រហារ ដល់សន្តិភាពនិងស្ថិរភាព របស់តំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ វាធ្វើឱ្យពិភពលោក មើលឃើញយ៉ាងច្បាស់ពីមុខមាត់ពិតប្រាកដ របស់អាមេរិក ដែលបង្កផលប៉ះពាល់ ដល់ផលប្រយោជន៍ របស់ប្រទេសដទៃ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ អាមេរិកនិយាយក្រឡាស់ភ្លាមៗ និងលេងឧបាយកល “ស្តង់ដារពីរ”យ៉ាងដូច្នោះ គ្រាន់តែនឹងខូចកេរ្តិ៍ឈ្មោះ របស់អាមេរិកលើផ្ទៃអន្តរជាតិ និងពន្លឿនការថមថយចុះរបស់អនុត្តរភាព បែបអាមេរិកតែប៉ុណ្ណោះ ។
ដំណើរទស្សនកិច្ច នៅតៃវ៉ាន់ របស់លោកស្រី Pelosi លើកនេះ មិនអាចកែប្រែប្រវតិ្តសាស្ត្រ និងការពិតជាក់ស្តែង ខាងផ្លូវច្បាប់ ដែលថា តៃវ៉ាន់ជាតំបន់របស់ចិននោះទេ ហើយក៏មិនអាចរារាំង បាននូវនិន្នាការណ៍ប្រវត្តិសាស្ត្រ ដែលប្រទេសចិន សម្រេចបាននូវការបម្រួបបម្រួមជាតិ ទាំងស្រុងនោះដែរ ។ នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងប្រលែង ជាមួយភ្លើងក្នុងបញ្ហាតៃវ៉ាន់ ពិតជានឹងត្រូវឆេះរោលខ្លួនឯង ជាក់ជាមិនខាន !
វិទ្យុមិត្តភាពកម្ពុជាចិន