បរទេស៖ មន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ បានចោទប្រកាន់ទីក្រុងប៉េកាំងថា កំពុងស្វែងរក ការ “ឈ្លានពាន” ដែនទឹក និងដែនអាកាសរបស់កោះនេះ បន្ទាប់ពីប្រទេសចិនបានប្រកាស “ប្រតិបត្តិការយោធាគោលដៅ” ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីយោធាបានអះអាងកាលពីថ្ងៃពុធថា តំបន់មិនរាប់បញ្ចូលជាច្រើន នៅជុំវិញកោះនេះ ដែលចិនមានបំណងធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធយោធាផ្សេងទៀត នៅចុងសប្តាហ៍នេះ ត្រួតលើគ្នាជាមួយ “លំហទឹកដីរបស់កោះតៃវ៉ាន់”។ យោងតាមកាសែត The Guardian អ្នកនាំពាក្យយោធាបាន ចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើ “ច្បាប់របស់អង្គការសហប្រជាជាតិ” ជាមួយនឹងអ្វីដែលនឹងស្មើនឹង “ការបិទផ្លូវលំហអាកាស និងសមុទ្ររបស់តៃវ៉ាន់” ។
ដោយចោទប្រកាន់ក្រុងប៉េកាំងថា បានធ្វើសង្គ្រាមចិត្តសាស្ត្រលើតៃវ៉ាន់ និងពលរដ្ឋ ទឲតៃប៉ិបានប្តេជ្ញាថា នឹង “ការពារសន្តិសុខជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់” និងបង្កើនការត្រៀមលក្ខណៈយោធា របស់ខ្លួនដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលប្រកាន់ខ្ជាប់នូវ “គោលការណ៍មិនស្នើសុំសង្រ្គាម”។
សូមជម្រាបថា លោកស្រី Pelosi បានមកដល់ទីក្រុងតៃប៉ិកាលពីល្ងាចថ្ងៃអង្គារ បើទោះបីជាមានការព្រមាន ម្តងហើយម្តងទៀត ពីទីក្រុងប៉េកាំងប្រឆាំងនឹង ការប៉ុនប៉ងទៅកាន់ទឹកដីដែលខ្លួន ចាត់ទុកថាជាផ្នែកសំខាន់មួយនៃ ប្រទេសចិនក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា