ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការព្រួយបារម្ភ ចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗ នៅតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយប្រកាសត្រៀមខ្លួនជាស្រេច ប្រកបដោយស្ថាបនា ក្នុងការសម្របសម្រួលការសន្ទនា ដោយសន្តិវិធីរវាងគ្រប់ភាគី ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ ។
ការចេញសេចក្ដីថ្លែងការណ៍ របស់ប្រមុខការទូតអាស៊ាន ធ្វើឡើងបន្ទាប់ពីនៅតំបន់ច្រកសមុទ្យកោះតៃវ៉ាន់ បានកើនកម្ដៅស្របពេលដែលប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ របស់តៃវ៉ាន់ កាលពីល្ងាចថ្ងៃទី២ សីហា បើទោះបីជាមានការព្រមាន ម្តងហើយម្តងទៀត ពីទីក្រុងប៉េកាំងប្រឆាំងនឹងការប៉ុនប៉ងទៅកាន់ទឹកដីដែលខ្លួន ចាត់ទុកថា ជាផ្នែកសំខាន់មួយនៃប្រទេសចិន ។
តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣ សីហា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្ដែងការព្រួយបារម្ភចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះ នៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឲ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។
អាស៊ាន បានអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញ៉ុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ អាស៊ានថា “យើងរំលឹកឡើងវិញពីការគាំទ្រ របស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយ ដែលដាក់ចេញដោយប្រទេសនីមួយៗ” ។
អាស៊ានគូសបញ្ជាក់ថា ពិភពលោកត្រូវការយ៉ាងខ្លាំង នូវភាពឈ្លាសវៃនិងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ។
ប្រមុខការទូតអាស៊ានសង្កត់ធ្ងន់ថា «យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេច ក្នុងការដើរតួនាទីប្រកបដោយស្ថាបនា ក្នុងការសម្របសម្រួលការសន្ទនា ដោយសន្តិវិធីរវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការ ដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់របស់យើង» ៕