ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យ បដិសេធស្តង់ដារទ្វេរ ក្នុងការមិនរីក សាយភាយនុយក្លេអ៊ែរ

ប៉េកាំង ៖ អ្នកការទូតចិនបានឲ្យដឹងថា សហគមន៍អន្តរជាតិ គួរតែបដិសេធស្តង់ដារទ្វេរដង ក្នុងការមិនរីកសាយភាយ នុយក្លេអ៊ែរ ហើយប្រទេស ដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំ ជាងគេគួរតែនាំមុខ ក្នុងការរំសាយ អាវុធនុយក្លេអ៊ែរ ។

កិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរ ដោយ ថាមពលនុយក្លេអ៊ែរ ក្នុងចំណោមសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បង្កហានិភ័យ នៃការរីកសាយភាយ នុយក្លេអ៊ែរ យ៉ាងធ្ងន់ធ្ងរ លោក Fu Cong ប្រធានគណៈប្រតិភូចិនបានប្រាប់សន្និសីទ ត្រួតពិនិត្យលើកទី១០ នៃភាគីនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ (NPT) ។

លោក Fu ដែលជាអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិនបានលើកឡើងថា “អ្វីដែលគេហៅថា “ការចែករំលែកនុយក្លេអ៊ែរ” ដំណើរការផ្ទុយទៅនឹងបទប្បញ្ញត្តិរបស់ NPT និងបង្កើនហានិភ័យ នៃការរីកសាយភាយនុយក្លេអ៊ែរ និងជម្លោះនុយក្លេអ៊ែរ។

លោកបានបន្ដថា “សហរដ្ឋអាមេរិក គួរតែដកអាវុធ នុយក្លេអ៊ែរទាំងអស់ របស់ខ្លួនចេញពីអឺរ៉ុប ហើយបដិសេធមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ផ្សេងទៀត” ។

លោកបានបន្ថែមថា រាល់ការប៉ុនប៉ង ដើម្បីចម្លងគំរូដែលគេហៅថា “ការចែករំលែកនុយក្លេអ៊ែរ” នៅអាស៊ីប៉ាស៊ីហ្វិក នឹងធ្វើឱ្យខូចដល់ស្ថិរភាព ជាយុទ្ធសាស្រ្តក្នុងតំបន់ មានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ពីបណ្តាប្រទេសក្នុងតំបន់ និងប្រឈមមុខនឹងវិធានការតបត យ៉ាងធ្ងន់ធ្ងរនៅពេលចាំបាច់។

នៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Fu បានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធ គួរតែរក្សាការប្តេជ្ញាចិត្ត ក្នុងការនាំយកកិច្ចព្រមព្រៀងនេះ ត្រឡប់មកវិញនៅដំណាក់កាលដំបូង តាមរយៈការចរចាការទូត ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក គួរតែលុបចោលទាំងស្រុង នូវទណ្ឌកម្មខុសច្បាប់ ដែលពាក់ព័ន្ធរបស់ខ្លួនលើអ៊ីរ៉ង់ និងវិធានការយុត្តាធិការ អាវុធវែងលើភាគីទី៣ ហើយផ្អែក លើមូលដ្ឋាននោះ អ៊ីរ៉ង់គួរតែត្រលប់ទៅការ អនុលោមតាមច្បាប់ពេញលេញ ជាមួយនឹងការប្តេជ្ញាចិត្ត នុយក្លេអ៊ែររបស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top