បរទេស៖ ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តល់ភ្លើងបៃតង ដល់ការលក់មីស៊ីល ប្រភេទ Patriot ចំនួន ៣០០ និងឧបករណ៍ពាក់ព័ន្ធទៅឱ្យ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹង ការការពារ របស់ខ្លួន ក្នុងតម្លៃប៉ាន់ស្មានចំនួន ៣,០៥ ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារនេះថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានស្នើសុំទិញមីស៊ីល MIM-104E ដែលផលិតដោយ Raytheon Technologies ចំនួន ៣០០។ កិច្ចព្រមព្រៀងនេះក៏អាចរួមបញ្ចូល ការទិញឧបករណ៍ដែលពាក់ព័ន្ធទាំងអស់ ក៏ដូចជាឯកសារបច្ចេកទេស គ្រឿងបន្លាស់ និងជួសជុលផងដែរ។
រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនជឿជាក់ថា កិច្ចព្រមព្រៀងនេះ “នឹងគាំទ្រដល់គោលដៅគោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក” ព្រោះវាអាចធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនៃ “ប្រទេសដៃគូ” នៅក្នុងតំបន់ឈូងសមុទ្រ៕
ប្រែសម្រួលៈ ណៃ តុលា