ព័ត៌មានអន្តរជាតិ

ចិន បញ្ជូននាវាចម្បាំង និងយន្តហោះ ទៅជិតកោះតៃវ៉ាន់

CNN៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា នាវាចម្បាំង និងយន្តហោះរបស់ចិន បានធ្វើសមយុទ្ធយោធា នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ខណៈដែលភាពតានតឹង បានកើនឡើងនៅក្នុងតំបន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោក Nancy Pelosi ទៅកាន់កោះនេះ ក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិកោះនេះថា កងកម្លាំងកងទ័ពរំដោះប្រជាជនចិន (PLA) បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលជាចំណុចពាក់កណ្តាលផ្លូវរវាងកោះ និងចិនដីគោក នៅក្នុងទង្វើដែលកោះតៃវ៉ាន់ហៅថា “ទង្វើបង្កហេតុយ៉ាងខ្លាំង” ។ ខ្សែបន្ទាត់នេះធ្លាប់ជាព្រំដែនមិនផ្លូវការ ប៉ុន្តែត្រូវបានគោរពយ៉ាងទូលំទូលាយ រវាងទីក្រុងប៉េកាំង និងតៃប៉ិ។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបន្ថែមថា យោធារបស់កោះតៃវ៉ាន់បានឆ្លើយតប ជាមួយនឹងការព្រមានតាមវិទ្យុ ហើយបានដាក់កម្លាំងល្បាតតាមអាកាស នាវាកងទ័ពជើងទឹក និងដាក់ប្រព័ន្ធកាំជ្រួចនៅលើច្រាំង ស្ថិតនៅក្នុងការប្រុងប្រយ័ត្ន៕ ប្រែសម្រួលៈ ណៃ តុលា

To Top