ព័ត៌មានអន្តរជាតិ

លោកស្រី Nancy Pelosi ថា អាមេរិកនឹងមិនឱ្យកោះតៃវ៉ាន់នៅឯកោឡើយ ខណៈដែលចិនកំពុងធ្វើសមយុទ្ធយោធាក្បែរកោះនេះ

CNN៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅថ្ងៃសុក្របានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងមិនឱ្យកោះតៃវ៉ាន់នៅឯកោឡើយ ខណៈដែលទីក្រុងប៉េកាំងបានបង្កើនសមយុទ្ធយោធា និងការលុកលុយដោយយន្តហោះចម្បាំង បន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចទៅកាន់កោះនេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន អំឡុងពេលនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់លោកស្រី, លោកស្រី Pelosi បាននិយាយថា ប្រទេសចិនបានស្វែងរកការផ្តាច់តៃវ៉ាន់ចេញពីសហគមន៍អន្តរជាតិ ប៉ុន្តែចិននឹងមិនអាចរារាំងមន្ត្រីសហរដ្ឋអាមេរិកពីការធ្វើដំណើរនៅទីនោះទេ (កោះតៃវ៉ាន់)។

លោកស្រីបាននិយាយថា “យើងនឹងមិនអនុញ្ញាតឱ្យ (ចិន) ដាក់កោះតៃវ៉ាន់ ឱ្យនៅដាច់ដោយឡែកពីគេនោះទេ” ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ដែលបាននាំឱ្យលោកស្រីបានជួបជាមួយប្រធានាធិបតី Tsai Ing-wen និងមេដឹកនាំផ្សេងទៀត បានធ្វើឱ្យបក្សកុម្មុយនិស្តចិនខឹងសម្បារ ដែលចាត់ទុកកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងថា ជាទឹកដីរបស់ខ្លួន ទោះបីជាមិនដែលគ្រប់គ្រងកោះនេះក៏ដោយ៕ប្រែសម្រួលៈ ណៃ តុលា

To Top