ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ថ្កោលទោសចិន ពីការធ្វើសមយុទ្ធយោធា ជុំវិញកោះតៃវ៉ាន់ ថាជាការធ្វើឲ្យបង្កើន ភាពតានតឹង កាន់តែខ្លាំង

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្កោលទោសសមយុទ្ធយោធារបស់ចិន ជុំវិញកោះតៃវ៉ាន់ ថា ជាការបង្កើនភាពតានតឹងកាន់តែខ្លាំង គួរឱ្យកត់សម្គាល់ ។

លោក Blinken បានថ្លែងថា គ្មាន “ហេតុផល” សម្រាប់សមយុទ្ធដែលធ្វើឡើងដោយទីក្រុងប៉េកាំង ក្នុងការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi នោះទេ ។

គួរបញ្ជាក់ថា ប្រទេសចិន បានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់ ដោយប្រកាសតំបន់គ្រោះថ្នាក់ ជាច្រើន នៅក្នុងផ្លូវដឹកជញ្ជូន ដែលមមាញឹកបំផុត នៅលើពិភពលោក ។

លោក Blinken បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍នៅទីក្រុងភ្នំពេញថា “សកម្មភាពបង្កហេតុទាំងនេះ គឺជាការកើនឡើងភាពតានតឹងគួរឱ្យកត់សម្គាល់” ។

លោក Blinken បានថ្លែងថា ការឈរជើងនៅសប្តាហ៍នេះ គឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់ទីក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរស្ថានភាពដ៏ផុយស្រួយលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិន ចាត់ទុកថាជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន នឹងត្រូវយកមកវិញដោយបង្ខំ ប្រសិនបើចាំបាច់ ។

លោកបានថ្លែងថា លោកបានព្រមានលោក Wang Yi នៅឯកិច្ចប្រជុំនាពេលថ្មីៗនេះក្នុងប្រទេសឥណ្ឌូនេស៊ីថា លោកស្រីPelosi ដែលជាមន្ត្រីជាប់ឆ្នោតខ្ពស់បំផុត របស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់ ក្នុងរយៈពេល២៥ឆ្នាំ ទំនងជានឹងធ្វើដំណើរ ទៅកាន់កោះនេះ ។

លោក Blinken បានថ្លែងថា “យើងរំពឹងថា ប្រទេសចិន អាចនឹងចាត់វិធានការដូចនេះ តាមពិតយើងបានពិពណ៌នាអំពីសេណារីយ៉ូពិតប្រាកដនេះ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top