ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គាំទ្រ​ចិន ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ

តេអេរ៉ង់៖ លោក Mohammad Keshavarz Zadeh ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ នៅប្រទេសចិន បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍មួយថា ការសង្កេតការគោរពពេញលេញ ចំពោះបូរណភាពទឹកដី នៃប្រទេសអធិបតេយ្យ គឺជាសសរស្តម្ភគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់គាំទ្រយ៉ាងដាច់អហង្ការ ចំពោះគោលនយោបាយចិនតែមួយ។

 ឯកអគ្គរដ្ឋទូតបានលើកឡើងថា គោលការណ៍បូរណភាពទឹកដី គឺជាផ្នែកមួយដ៏សំខាន់ នៃសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ ហើយអ៊ីរ៉ង់គាំទ្ររាល់សិទ្ធិស្របច្បាប់ និងត្រឹមត្រូវដែលកើតចេញ ពីគោលការណ៍នេះ សម្រាប់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន ដោយមិនយកចិត្តទុកដាក់ ចំពោះក្រុមប្រឆាំងដ៏រឹងមាំរបស់ចិន លោក Mohammad Keshavarz Zadeh បានកត់សម្គាល់ថា ការលាក់ពុត ការបំភ្លៃ ឧបាយកល និងការជ្រៀតជ្រែក គឺជាភស្តុតាង ក្នុងចំណោមលក្ខណៈសំខាន់ៗ នៃគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា ការគោរពអធិបតេយ្យភាពនៃរដ្ឋឯករាជ្យ គឺស្ថិតនៅក្នុងគោលការណ៍ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top