ព័ត៌មានអន្តរជាតិ

ចិនបង្ហាញ ពីមូលហេតុ ដែលអាមេរិក បញ្ជូនលោកស្រី Pelosi មកកាន់កោះតៃវ៉ាន់

បរទេស ៖ ទីក្រុងប៉េកាំង បានស្នើថា ដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ប្រហែលជាជាផ្នែកមួយ នៃការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបង្កើត លេសដើម្បីដាក់ពង្រាយយោធារបស់ខ្លួន បន្ថែមទៀតនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងក្នុងអំឡុង ពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសបង់ក្លាដែស និងបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា “មានសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើល្បិចចាស់ របស់ខ្លួនឡើងវិញ” ។ អ្នកការទូតរូបនេះបានបំភ្លឺថា ទីក្រុងវ៉ាស៊ីនតោនមានប្រវត្តិ «បង្កើតបញ្ហាជាមុនសិន ហើយបន្ទាប់មកប្រើវា ដើម្បីសម្រេចផែនការយុទ្ធសាស្ត្ររបស់ខ្លួន» នៅកន្លែងផ្សេងទៀត ក្នុងពិភពលោក ។

យោងតាមរដ្ឋមន្ត្រី អ្នកលេងក្នុងតំបន់ គួរតែប្រឆាំងនឹងការបង្កើន វត្តមានយោធា របស់អាមេរិកនៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានរំលឹកទីក្រុងវ៉ាស៊ីនតោនថា “កោះតៃវ៉ាន់ មិនមែនជាផ្នែក របស់សហរដ្ឋអាមេរិកទេ ប៉ុន្តែជាទឹកដីរបស់ប្រទេសចិន” ហើយថា តាមរយៈការផ្តល់ភ្លើងខៀវ ដល់ដំណើរទស្សនកិច្ច របស់ Pelosi សហរដ្ឋអាមេរិកបានបដិសេធ ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបូរណភាពទឹកដី របស់ប្រទេសចិន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top