ព័ត៌មានអន្តរជាតិ

News Update៖ ចិន កំពុងបន្តសមយុទ្ធទ្រង់ទ្រាយធំ ជុំវិញដែនកោះតៃវ៉ាន់ ក្រោយសមយុទ្ធបាញ់គ្រាប់ពិត

ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានឲ្យដឹងថា ខ្លួនកំពុងបន្តធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ ជុំវិញដែនកោះតៃវ៉ាន់ បន្ទាប់ពីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់ខ្លួន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញ ។

បញ្ជាការដ្ឋាន នៅភាគខាងកើត របស់កងទ័ពចិន បានឲ្យដឹងថា ខ្លួននឹងអនុវត្តការវាយប្រហារ ប្រឆាំងនាវាមុជទឹក និងការវាយឆ្មក់តាមដែនសមុទ្រ ។

សមយុទ្ធរយៈពេល៤ថ្ងៃមុននេះ គឺជាការឆ្លើយតបរបស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ដែនកោះមួយនេះ ។

កោះតៃវ៉ាន់បានចោទចិន ថាបានប្រើសមយុទ្ធទាំងនេះជាការអនុវត្ត សម្រាប់ការឈ្លានពាន លើកោះនេះ ។

កាលពីថ្ងៃចន្ទ កោះតៃវ៉ាន់បានលើកឡើងថា យន្តហោះ និងកប៉ាល់របស់ចិន មិនបានចូលទៅក្នុងដែនទឹករបស់ខ្លួន ដែលលាតសន្ធឹងចម្ងាយ២២គីឡូម៉ែត្រ ពីឆ្នេរសមុទ្រក្នុងអំឡុងពេល សមយុទ្ធរហូតមកដល់ពេលនេះ ។

សហរដ្ឋអាមេរិក រួមជាមួយអូស្ត្រាលី និងជប៉ុន បានថ្កោលទោសសមយុទ្ធនេះ ដោយលើកឡើងថា គោលបំណងរបស់ពួកគេ គឺដើម្បីផ្លាស់ប្តូរស្ថានភាព នៅច្រកសមុទ្រតៃវ៉ាន់ ដែលជាតួទឹកដែលមានទទឹង១៨០គីឡូម៉ែត្រ រវាងដីគោក និងកោះនេះ ។

យន្តហោះ និងកប៉ាល់របស់ចិនបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ក្នុងច្រកសមុទ្រ ម្តងហើយម្តងទៀត ក្នុងអំឡុងពេលសមយុទ្ធ ។

ប៉ុន្តែក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា បន្ទាត់មធ្យមគឺជាការយល់ដឹងយ៉ាងស៊ីជម្រៅដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ហើយអត្ថិភាពរបស់វាគឺ “ការពិត” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top