ព័ត៌មានអន្តរជាតិ

ប្រទេសចិន មានអង្គភាពថាមពល នុយក្លេអ៊ែរច្រើនជាងគេទី២ លើពិភពលោក

" "

ប៉េកាំង៖ លោក Tang Bo មន្ត្រីរដ្ឋបាលសុវត្ថិភាព នុយក្លេអ៊ែរជាតិបានឲ្យដឹងថា ប្រទេសចិន មានចំនួនអង្គភាព ថាមពលនុយក្លេអ៊ែរធំជាងគេទីពីរ ដែលកំពុងដំណើរការ ឬកំពុងសាងសង់នៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងក្នុងពិធីបើកសន្និសីទ អន្តរជាតិស្តីពីវិស្វកម្មនុយក្លេអ៊ែរ (ICONE) លើកទី២៩ លោក Tang បានលើកឡើងថា គិតត្រឹមខែមិថុនាឆ្នាំនេះ ប្រទេសចិនមានអង្គភាព ថាមពលនុយក្លេអ៊ែរចំនួន ៥៤ កំពុងដំណើរការ ហើយ ២៣ កំពុងសាងសង់។

" "

លោក Tang បានបន្ដថា ការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ បានជួយប្រទេសចិន ធានាបាននូវការផ្គត់ផ្គង់ ថាមពលគ្រប់គ្រាន់ កែលម្អបរិស្ថាន និងខិតទៅជិតគោលដៅនៃ ការឈានទៅដល់កំពូលកាបូន និងអព្យាក្រឹតភាពកាបូន។

" "

លោក Wang Shoujun ប្រធានសមាគមនុយក្លេអ៊ែរចិន បានលើកឡើងថា សមត្ថភាពដំឡើងប្រតិបត្តិការ សរុបនៃថាមពលនុយក្លេអ៊ែរ របស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល ៧០ លានគីឡូវ៉ាត់ត្រឹមឆ្នាំ២០២៥ ។

ប្រទេសចិន បានប្រកាសថា ខ្លួននឹងខិតខំដើម្បីឈានទៅដល់ ការបំភាយកាបូនឌីអុកស៊ីតខ្ពស់បំផុត នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាព កាបូននៅឆ្នាំ២០៦០។

ផ្តួចផ្តើមគំនិតរួមគ្នាដោយសមាគម វិស្វករមេកានិកជប៉ុន និងសមាគមវិស្វករមេកានិកអាមេរិក ក្នុងឆ្នាំ១៩៩១ ICONE គឺជាសន្និសីទសកលកំពូល សម្រាប់អ្នកជំនាញនុយក្លេអ៊ែរ។ សមាគមនុយក្លេអែរចិន គឺជាអ្នករៀបចំមួយ ចាប់តាំងពីឆ្នាំ២០០៥ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top