ព័ត៌មានអន្តរជាតិ

សហគមន៍អន្តរជាតិ ស្តីបន្ទោសយ៉ាងខ្លាំងចំពោះដំណើរ ទស្សនកិច្ចតៃវ៉ាន់របស់លោកស្រី Pelosi និងគាំទ្រវិធានការតបតរបស់ចិន

ប៉េកាំង៖ សហគមន៍អន្តរជាតិបានរិះគន់ យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយថាវាបានរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

សហគមន៍អន្ដរជាតិក៏បានសម្តែង នូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ និងការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការតបតរបស់ភាគីចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ពាក់ព័ន្ធនឹងការបង្កហេតុដ៏ធ្ងន់ធ្ងរនេះ។ លោក Miguel Rodriguez Mackay ប្រធានវិទ្យាស្ថានច្បាប់ និងទំនាក់ទំនងអន្តរជាតិរបស់ប្រទេសប៉េរូ បានលើកឡើងថា ការធ្វើដំណើររបស់លោកស្រី Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន គឺជាការបង្ហាញនយោបាយ ហើយបាននាំមកនូវផលប៉ះពាល់ អវិជ្ជមានដល់កិច្ចការពិភពលោក។

អ្នកជំនាញជនជាតិស៊ែប៊ី Zivadin Jovanovic ដែលជាអតីតរដ្ឋមន្ត្រីការបរទេសយូហ្គោស្លាវី បានលើកឡើងថា ការគាំទ្រចំពោះការបំបែកខ្លួនជាសកល គឺជាឧបករណ៍ដ៏សំខាន់មួយ នៃយុទ្ធសាស្ត្រគ្រប់គ្រង ការពង្រីកនិយម និងអនុត្តរភាពរបស់សហរដ្ឋអាមេរិក។

លោក Jovanovic បានលើកឡើងថា “ទោះបីជាពួកគេបានទទួលយក គោលនយោបាយចិនតែមួយ តាំងពីយូរយារមកហើយក៏ដោយ ពួកគេបានបំពានវា ដោយបង្ហាញថាការពង្រីក និយមរបស់ពួកគេមានអាទិភាព លើគោលការណ៍ សកម្មភាព ឬច្បាប់អន្តរជាតិ” ។

សមាជិកព្រឹទ្ធសភាម៉ិកស៊ិកលោក Jose Narro Cespedes បានឲ្យដឹងនៅក្នុងអត្ថបទមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មិនត្រឹមតែបង្កការគំរាមកំហែង ដល់ប្រជាជននៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រជាជនទាំងអស់ នៅក្នុងពិភពលោកមានគ្រោះថ្នាក់ផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយស៊ិនហួលោក Takashi Okada អ្នកអត្ថាធិប្បាយភ្ញៀវរបស់ Kyodo News បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ បានបង្កើនភាពតានតឹង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top