ព័ត៌មានអន្តរជាតិ

ស្ថាប័នពាណិជ្ជកម្ម អង្គការសហប្រជាជាតិ ជំរុញឱ្យចាត់វិធានការទប់ស្កាត់ រូបិយប័ណ្ណគ្រីបតូ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

យូអិន៖ សន្និសីទ អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានអំពាវនាវឱ្យ មានសកម្មភាព ដើម្បីទប់ស្កាត់រូបិយប័ណ្ណគ្រីបតូ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងអត្ថបទសង្ខេប គោលនយោបាយចំនួនបី ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ។

ខណៈពេលដែល រូបិយប័ណ្ណឌីជីថលឯកជន បានផ្តល់រង្វាន់មួយចំនួន និងសម្រួលដល់ការផ្ទេរប្រាក់ ពួកគេ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនស្ថិតស្ថេរ ដែលអាចនាំមកនូវហានិភ័យ និងការចំណាយសង្គមផងដែរ ស្ថាប័នពាណិជ្ជកម្ម និងការអភិវឌ្ឍន៍របស់ អង្គការសហប្រជាជាតិ បានព្រមានដូចខាងលើនេះ។

សេចក្តីសង្ខេបគោលនយោបាយ របស់ UNCTAD ដែលទើបចេញផ្សាយថ្មីចំនួនបី បានពិនិត្យហានិភ័យ និងការចំណាយនៃរូបិយប័ណ្ណគ្រីបតូ រួមទាំងការគំរាមកំហែង នៃរូបិយប័ណ្ណគ្រីបតូ ដែលនាំមកនូវស្ថិរភាព ហិរញ្ញវត្ថុ ការកៀរគរធនធាន ក្នុងស្រុក និងសុវត្ថិភាពនៃប្រព័ន្ធរូបិយវត្ថុ។

ការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ជាសកលបានកើនឡើង ជាលំដាប់ក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងនៅក្នុងប្រទេសកំពុង អភិវឌ្ឍន៍ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

UNCTAD បានឲ្យដឹងថា ហេតុផលសម្រាប់ការកើនឡើង យ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណគ្រីបតូ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រួមមានការសម្របសម្រួល នៃការផ្ទេរប្រាក់ ក៏ដូចជាការប្រើប្រាស់ របស់ពួកគេជាការការពារ ប្រឆាំងនឹងហានិភ័យ រូបិយប័ណ្ណ និងអតិផរណា។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ភាពរង្គោះរង្គើនៃរូបិយប័ណ្ណឌីជីថលថ្មីៗ នៅក្នុងទីផ្សារបង្ហាញថា មានហានិភ័យឯកជន ក្នុងការកាន់កាប់រូបិយប័ណ្ណគ្រីបតូ ប៉ុន្តែប្រសិនបើធនាគារកណ្តាល ឈានជើងចូល ដើម្បីការពារស្ថិរភាព ហិរញ្ញវត្ថុនោះ បញ្ហានឹងក្លាយទៅជាសាធារណៈ។

គួរបញ្ជាក់ថា ប្រសិនបើរូបិយប័ណ្ណគ្រីបតូ ក្លាយជាមធ្យោបាយទូទាត់យ៉ាងទូលំទូលាយ ហើយថែមទាំងជំនួសរូបិយប័ណ្ណ ក្នុងស្រុកដោយមិនផ្លូវការ វាអាចប៉ះពាល់ ដល់អធិបតេយ្យភាព រូបិយវត្ថុ របស់ប្រទេសនានា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top